(ភ្នំពេញ)៖ នៅអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ គេក៏ឃើញដែរថា ស្រ្តីមានសមត្ថភាពកាន់តែខ្លាំងមិនចាញ់បុរសនោះឡើយ សិស្សស្រីរៀនទទួលបាននិទ្ទេស A ក៏មានប្រហាក់ប្រហែលនឹងបុរសផងដែរ។ មិនតែប៉ុណ្ណោះស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងខ្លាំងសម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពល គឺជាស្រ្តី។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៨ ក្នុងឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺមានគោលបំណងបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យ សម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
បើតាមលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ក្រសួងកិច្ចការនារីសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូ បានធ្វើការវិភាគស៊ីជម្រៅលើការសិក្សាស្រាវជ្រាវ អំពីអំពើហិង្សាលើស្តី្រពីដៃគូស្និទ្ធស្នាលឆ្នាំ២០១៥ និង ការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០០០ ២០០៥ និង២០១៤ ដែលលទ្ធផលបានបង្ហាញថា អំពើហិង្សាលើស្រ្ដីពីដៃគូស្និទ្ធស្នាលមានការថយចុះ។
លោកស្រី អ៉ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ភាពរីកចម្រើនលើការកាត់បន្ថយគម្លាតយេនឌ័ររបស់កម្ពុជា ត្រូវបានទទួលស្គាល់។ ក្នុងរបាយការណ៍រយៈពេល៣ឆ្នាំចុងក្រោយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដោយក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានចំណាត់ថ្នាក់៩៣ បើប្រៀបធៀបកាលពីឆ្នាំ២០១៦ កម្ពុជាមានចំណាត់ថ្នាក់១១២ ក្នុងចំណោម១៤៤ប្រទេស។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា លទ្ធផលវិជ្ជមាន ដែលទទួលបានចុងក្រោយនេះ អាស្រ័យដោយភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃកាលានុវត្តភាព និងការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច និងការរីកចម្រើន ក្នុងវិស័យអប់រំ ជាពិសេសការអប់រំរបស់ស្ត្រី និងក្មេងស្រី។
ខាងក្រោមនេះ គឺជាប្រវត្តិនាំឲ្យមានការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា៖
នៅចុងសតវត្សទី១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះចលនានារីពលករលើសកលលោកទាំងមូល។
ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡឺម៉ង់ដែលជា ប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ក្នុងពេលនោះបានលេចឡើងនូវយុវនារី ៣រូបដ៏ល្បីល្បាញគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី គ្រូបស្កាយ៉ា (ភរិយាលោកឡេនីន) បំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
ចាប់តាំងពីថ្ងៃនោះមក ថ្ងៃ ៨ មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
គឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់ និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី ១០០ ឆ្នាំមុននេះ ហើយទើបបច្ចុប្បន្ននេះ នារីក្នុងពិភពលោកមានឱកាស ទទួលបាននូវសិទ្ធិស្មើភាពក្នុងការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននូវអំពើហិង្សា និងការរើសអើងចំពោះនារីភេទដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។
ជាបន្ទាប់ ចលនានារីអន្តរជាតិ បានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាម រយៈការស្នើរឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើក ច្រើនសារ។
នៅឆ្នាំ ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិចកូ ប្រទេសម៉ិចស៊ិច ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះ។
ខែតុលា ឆ្នាំ១៩៧៥ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាសតវត្សសម្រាប់នារី។
នៅឆ្នាំ ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទស្សវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀត នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការ អនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុង ឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់ ១២ យ៉ាងរបស់នារីថែមទៀតគឺ «ភាពក្រីក្រ, ការអប់រំ, អំពើហឹង្សា, ផលវិបាកនៃជម្លោះ, អាវុធ, នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច, តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត, យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី, សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ, បរិស្ថាន និងបញ្ហាកុមារី។
ទាំងនេះគឺជាយុទ្ធសាស្ត្រ និងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធី តាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្ដល់នូវសិទ្ធិស្មើភាពឱ្យបានគ្រប់គ្រាន់ និងតម្លៃជាមនុស្ស ពោលគឺពុំមានទាមទារអ្វីឱ្យលើសពីនេះឡើយ។
បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី ៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាអន្តរជាតិ ៨ មិនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិ មនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង នារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក ៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរស និងស្ដ្រី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់ រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួល សិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្ត្រីភេទ៕