(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ «Cambodia Best Employer Brand Awards 2019» ជាពានកិត្តិយសដែលក្រុមហ៊ុន បានគោរពដល់ដំណើរការ គោលការណ៍ សកម្មភាពផ្សេងៗ បរិយាកាសការងារ និងឱកាសនៅក្នុងអាជីពការងារ។
ក្រុមហ៊ុន DKSH Cambodia គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ក្នុងការជួយដល់ដៃគូអាជីវកម្ម ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ Cambodia Best employer brand awards 2019 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន World HRD Congress និង Star of the Industry Group ។
ពានរង្វាន់ដែលក្រុមហ៊ុនទទួលបាននេះ ត្រូវបានជ្រើសរើសពីក្រុមហ៊ុនចំនួន២៥ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាលើកដំបូងហើយ ក៏ជាសមិទ្ធផលមួយដ៏អស្ចារ្យដែរ សម្រាប់ក្រុមហ៊ុន DKSH Cambodia ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។
ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានទាំងពានរង្វាន់ និងវិញ្ញាបនបត្រក្នុងចំណោម ៨ ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រ។ ពានរង្វាន់នេះ បង្ហាញពីកម្រិតស្តង់ដារខ្ពស់ របស់ក្រុមហ៊ុនទាក់ទងទៅនឹងបរិយាកាសការងារ និងដំណើរការ គោលការណ៍ដែលត្រូវអនុវត្ត សកម្មភាពរបស់និយោជក និងនិយោជិត និងឱកាសនៅក្នុងអាជីពការងារ។
នៅឆ្នាំ២០១៨ ក្រុមហ៊ុន DKSH Cambodia បានផ្តួចផ្តើមកម្មវិធី សកម្មភាពទាក់ទងនឹងបុគ្គលិកជាច្រើននៅក្នុងបរិវេណការងារ ហើយសកម្មភាពទាំងនេះ បានបង្កើនការសហការ និងមានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់បុគ្គលិក។ DKSH បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើននៅពេលក្លាយជានិយោជិត របស់ក្រុមហ៊ុន DKSH ទៅកាន់សាធារណជន សិស្សានុសិស្ស និងអ្នកដែលស្វែងរកការងារ តាមរយៈសកម្មភាពសាធារណៈ រឺពិព័រណ៍ខាងក្រៅនានាផងដែរ។
លោក យ៉ង់ ណាវុធ នាយកប្រចាំប្រទេសផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន DKSH Cambodia បានថ្លែងថា «DKSH បានធ្វើការយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមជាមួយ នឹងបុគ្គលិកឯកទេសជិត១,៨០០នាក់របស់យើង នាំឲ្យយើងគឺជានិយោជកឈានមុខមួយនៅក្នុងប្រទេស»។ ពានរង្វាន់ «Cambodia Best Employer Brand Award 2019» នេះ ទទួលស្គាល់ជាអន្តរជាតិថា ក្រុមហ៊ុន DKSH Cambodia ជាកន្លែងល្អបំផុតមួយ សម្រាប់បុគ្គលិកដែលធ្វើការនៅទីនេះ៕