(ភ្នំពេញ)៖ អាជ្ញាធរមីន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានរៀចំពីធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា រវាងអាជ្ញាធរមីន និងអង្គការ PEACELAND FOUNDATION មកពីប្រទេសមហាមិត្តចិន ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានអាជ្ញាធរមីន និងឯកអគ្គរដ្ឋទូតចិន។
ជាជំហានដំបូង អង្គការ PEACELAND FOUNDATION នឹងធ្វើការបោសសម្អាត់មីននៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងអភិវឌ្ឍភូមិនោះថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា និងដើម្បីចូលរួមសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖
*ទី១៖ ប្រទេសចិននឹងជួយដល់វិស័យបោសសម្អាតមីន នៅកម្ពុជា ដើម្បីឲ្យឆ្លើយតបទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញថា កម្ពុជានឹងធ្វើការបោសសម្អាតមីន ដែលបានដឹងឲ្យអស់នៅត្រឹមឆ្នាំ២០២៥
*ទី២៖ ប្រទេសចិននឹងជួយផ្តល់រថយន្តដល់ក្រុមការងារ ផែនការសកម្មភាពមីនខេត្ត (ម៉ាពូ) ដែលមានសកម្មភាពបោសសម្អាតមីនច្រើន តាមសំណូមពររបស់អង្គភាពអាជ្ញាធរមីន
*ទី៣៖ ប្រទេសចិននឹងជំរុញឲ្យអង្គការសង្គមស៊ីវិលរបស់ខ្លួន មករកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្ស និងជួយដល់សហគមន៍នានានៅជនបទ ពេលដ៏ខ្លីខាងមុខ ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានយកចិត្តទុកដាក់ជួយដល់ វិស័យសកម្មភាពមីននៅកម្ពុជា និងបានសហការប្រិតបត្តការគ្រប់ជ្រុងជ្រោយ ស្មើមុខស្មើមាត់ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ គឺកម្ពុជានិងចិន៕