(ស្វាយរៀង)៖ អាចចាត់ជារឿងចម្លែកមួយនៅក្នុងសង្គមខ្មែរប្រជាពលរដ្ឋពីរគ្រួសារមានព្រំដីជាប់គ្នា ពេលនៅរាប់រកគ្នាសូមធ្វើជញ្ជាំងរួម លុះ២០ឆ្នាំក្រោយបែរជាឈ្លោះគ្នាដណ្តើមយកជញ្ជាំងផ្ទះរៀងៗខ្លួននាំឲ្យអាជ្ញាធរឈឺក្បាលដោះស្រាយមិនចេញ។ ជម្លោះដណ្តើមជញ្ជាំងផ្ទះគ្នានេះ កើតឡើងនៅមុខផ្សារកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

អ្នកស្រី ប៊ូ ដៀប អាយុ ៥៤ឆ្នាំ ជាម្ចាស់ដែលកំពុងទាមទារមិនឲ្យមានការវាយជញ្ជាំងពីភាគីម្ខាងទៀតបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ១៩៩៩ ឬ ឆ្នាំ២០០០ រូបគាត់បានធ្វើផ្ទះតៀមជញ្ជាំងឈើប្រក់សង្ខសីដីទំហំ ៤ម៉ែត្រកន្លះ បណ្តោយ ១៦ម៉ែត្រ។ ក្រោយមកភាគីម្ចាស់ផ្ទះម្ខាងទៀត ឈ្មោះ សុខ តុង មានប្រពន្ធឈ្មោះ កើត តូម៉ា បានមកសង់ផ្ទះនៅជាប់គ្នា ហើយសុំរៀបជញ្ជាំងថ្ម ដោយយល់ព្រមឲ្យប្រើជញ្ជាំងរួមគ្នា។

អ្នកស្រី ប៊ូ ដៀប បន្តថា ក្រោយមានការស្នើពីឈ្មោះ សុខ តុង គាត់ក៏យល់ព្រមរុះជញ្ជាំងក្តាចេញហើយឲ្យ សុខ តុង រៀបឥដ្ឋធ្វើជញ្ជាំងថ្ម ប្រើជញ្ជាំងរួមគ្នារយៈពេល ២០ឆ្នាំមកហើយ។ លុះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលគ្រួសារគាត់មិននៅផ្ទះទៅភ្នំពេញ ឈ្មោះ សុខ តុង និងប្រពន្ធ បានប្តឹងអាជ្ញាធរភូមិ-ឃុំ និងសមត្ថកិច្ចនគបាលនាំគ្នាមករុះរើជញ្ជាំងផ្ទះ ដែលជាជញ្ជាំងប្រើរួមគ្នាចោល ធ្វើឲ្យផ្ទះគាត់ខូចខាតគ្មានជញ្ជាំងចំហរជញ្ជាំង ដែលអាចជនខិលខូចចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ទើបគាត់សំណូមពរសុំឲ្យអាជ្ញាធរពិនិត្យ និងដោះស្រាយនិងការពារសិទ្ធិលំនៅឋានជូនគ្រួសារគាត់។

អ្នកស្រី ប៊ូ ដៀប បានសំណូមពរអាជ្ញារធរទាំងមេឃុំកំពង់ត្រាច និងអភិបាលស្រុករមាសហែករក្សាជញ្ជាំងរួម បើភាគីលោក សុខ តុង រុះជញ្ជាំងចាស់សាងសង់ផ្ទះថ្មីត្រូវសង់ជញ្ជាំងចំកន្លែងដដែល ហើយបណ្តុះដែកចេញខាងទុកសម្រាប់ឲ្យគាត់តោង ដើម្បីសង់ផ្ទះផង។

អ្នកស្រី ក៏សុំសិទ្ធិប្រើជញ្ជាំងជាជញ្ជាំងអត្ថសិទ្ធិស្របច្បាប់ និងសូមឲ្យអាជ្ញាធរស្រុក និងលោកប្រធានភូមិបាលស្រុករមាសហែកធ្វើកំណត់ហេតុ និងច្បាប់សាងសង់ទុកសិទ្ធិឲ្យអ្នកស្រី តោងសំណង់របស់លោក សុខ តុង តាមច្បាប់ទទួលសិទ្ធិនៃជញ្ជាំងអត្ថសិទ្ធិ និងសូមអាជ្ញាធរធានា និងការពារកុំឲ្យខូចខាតដល់ទ្រព្យសម្បត្តិក្នុងផ្ទះពេលរុះរើជញ្ជាំងរួមចាស់ចោល។

ដោយឡែកលោក សុខ តុង អាយុ ៥១ឆ្នាំ ដែលជាភាគីម្ខាងទៀតហើយកំពុងវាយជញ្ជាំងរួមនោះបាននិយាយថា ជញ្ជាំងផ្ទះនេះ គឺគាត់ជាអ្នកធ្វើ ហើយរស់នៅរយៈពេលជិត២០ឆ្នាំមកហើយគឺដំបូលផ្ទះឈើប្រក់សង្ខសីពុកផុយអស់លិចទឹក ទើបលោករុះរើដើម្បីសង់ផ្ទះថ្មី។ ប៉ុន្តែពេលរុះជញ្ជាំងខាងអ្នក ប៊ូ ដៀប មករារាំងថាជាជញ្ជាំងរួមនាំឲ្យមានទំនាស់កើតឡើង។

ទាក់ទិនករណីទំនាស់ជញ្ជាំងផ្ទះនេះ លោក ម៉ៅ ពុទ្ធី ប្រធានភូមិបាលស្រុករមាសហែកបានឲ្យដឹងថា តាមច្បាប់ភូមិបាល ដីសង់លំនៅឋានទីប្រជុំជន ដីផ្ទះល្វែងពេលម្ចាស់ទ្រព្យណាម្នាក់សាងសង់ផ្ទះថ្មត្រូវសុំច្បាប់សាងសង់ដោយសុំការយល់ព្រមពីម្ចាស់ដី ដែលមានព្រំប្រទល់ជាប់គ្នា។ បើមានការយល់ព្រមព្រៀងគ្នា ទើបសុរិយោដីបញ្ជាក់ និងអនុញ្ញាតហើយបើភាគីអ្នកជាប់ព្រំប្រទល់សុំតោងសំណង់របស់ខ្លួន គឺច្បាប់អនុញ្ញាតិតែតម្រូវឲ្យអ្នកសុំតោងចេញថ្លៃសំណង់ជញ្ជាំង ៥០ភាគរយ។

ទាក់ទិនករណីនេះ លោក ហម ហឿន នាយករដ្ឋបាលសាលាស្រុករមាសហែក ដែលជាអ្នកដឹកនាំក្រុមការងារដោះស្រាយទំនាស់បានលើកឡើងថា នឹងលើកយកបញ្ហានេះឲ្យអភិបាលស្រុកពិនិត្យ និងសម្រេច។

ពាក់ព័ន្ធបញ្ហាជម្លោះខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានសម្តែងការហួសចិត្តថា រឿងមិនគួរកើតជម្លោះក៏បែរជាឈ្លោះនាំឲ្យឈឺក្បាលដល់អាជ្ញាធរ។ ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើភាគីទាំងពីរមានការយោគយល់គ្នាគួរថយម្នាក់មួយជំហាន ដើម្បីបញ្ចប់ជម្លោះកុំអូសបន្លាយ ឬឈានទៅការប្តឹងផ្តល់គ្នាដល់តុលាការនាំឲ្យខាតទាំងពេលវេលា និងថវិការៀងៗខ្លួន។

ប្រជាពលរដ្ឋបានលើកឡើងថា ភាគីលោក សុខ តុង ជាអ្នកត្រូវសាងសង់ផ្ទះគួរណាស់រៀបចំសាងសង់ជញ្ជាំងឥដ្ឋថ្មី ដោយមិនចាំបាច់ទៅវាយជញ្ជាំងផ្ទះចាស់ ដែលភាគីម្ខាងទៀតកំពុងប្រើប្រាស់នោះទេ។ ការធ្វើបែបនេះវាសីលធម៌មួយសម្រាប់ការរស់នៅជិតខាងគ្នា ហើយបើពិនិត្យទៅលើបញ្ហាបច្ចេកទេសវិញ បើភាគីលោក សុខ តុង បន្តចង់បានជញ្ជាំងផ្ទះនេះទៀត តើត្រូវបង្ខំឲ្យភាគីម្ខាងទៀតរុះរើផ្ទះរបស់គាត់ ឬយ៉ាងណា?

ប្រជាពលរដ្ឋបានស្នើឲ្យភាគីលោក សុខ តុង ពិចារណាទុកជញ្ជាំងផ្ទះចាស់នោះ ជូនភាគីម្ខាងទៀត ដើម្បីចៀសជម្លោះ ក៏ដូចជាការសាងអំពើល្អមួយជូនទៅភាគីម្ខាងទៀត ដែលធ្លាប់តែរាប់រកគ្នានោះ៕