(ពោធិ៍សាត់)៖ មុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ ត្រូវកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍អន្លង់ត្នោត តាមបង្ក្រាបបានដកហូតថ្នាំញៀនជាច្រើនកញ្ចប់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ស្ថិតនៅត្រង់ចំណុចផ្ទះ ឈីវ ឆេងលី ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ អៀ ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានឪពុកឈ្មោះ អៀង យូ អាយុ៥២ឆ្នាំ មុខរបររត់ម៉ូឌុប, ម្ដាយឈ្មោះ ញ៉ឹក សាវឿន អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ និងប្រពន្ធឈ្មោះ ឈន រតនា អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្ថុតាងដែលឆែកឆេ និងដកហូតបានរួមមាន ម្សៅក្រាមព័ណ៌សថ្លា សង្ស័យជាសារធាតុញៀន ០៣កញ្ចប់ធំ និង០២កញ្ចប់តូច ទម្ងន់៣២,៥៥mg (ទាំងសំបក), ម៉ូតូចំនួន០២គ្រឿង ម៉ាកWave S ព័ណ៌ក្រហមលាយខ្មៅ ស្លាកលេខ ព្រះសីហនុ ១A-២៥០៤ និងម៉ាក់ c125 ព័ណ៌ខ្មៅ គ្មានស្លាកលេខ មិនស្គាល់សេរី ព្រមទាំងសម្ភារៈជក់មួយកំប្លេរ។
ក្នុងរបាយការណ៍បានបន្ថែមទៀតថា ជនសង្ស័យដែលសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន បាននឹងកំពុងស្ថិតក្រោមការឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕