(ពោធិ៍សាត់)៖ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមវត្តលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ ដែលមានសមាជិកសមាជិកា ចូលរួមប្រមាណ២០៥នាក់។

បើតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានឱ្យដឹងថា សភាពការណ៍ទូទៅ ក្នុងទឹកដីខេត្តពោធិ៍សាត់ កាលពី១ឆ្នាំកន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌថយចុះ៣២% ស្មើនឹង១០០លើ១៤៧លើក ថយចុះ៤៧លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ១៩លើ៣៣លើក ថយចុះ១៤លើក ស្មើនឹង៤២%, បទល្មើសមជ្ឈឹមមាន៨១លើ១១លើក ថយចុះ៣៣លើក ស្មើនឹង២៩% ក្នុងករណីទាំងនេះ សមត្ថកិច្ចបង្ក្រាបបានចំនួន៧២ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៨៤នាក់ គឺបទឧក្រឹដ្ឋ១៥ករណី ឃាត់ខ្លួន១៦នាក់ និងបទមជ្ឈឹម៥៧ ករណីឃាត់ខ្លួន៦៨នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់ក្នុងទូទាំងខេត្ត មានសភាពល្អគួរជាទីមោទនៈ និងមានការជឿជាក់ពីប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន និងលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មន្ត្រីនគរបាល នៃស្នងការនគរបាល ខេត្តពោធិ៍សាត់ ដែលធ្វើឱ្យបទល្មើសមានថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានជំរុញឱ្យមន្ត្រីនគរបាល គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើខ្លួនជាម៉ែជាឪនៅក្នុងមូលដ្ឋាន ដោយបន្តលើកិច្ចការរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ អនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវ ប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីឲ្យប្រជាពលរដ្ឋគ្មានការភ័យខ្លាច អំពីអសន្តិសុខហើយមានការអភិវឌ្ឍន៍នៅមូលដ្ឋាន។ ភាពសុខសាន្តដែលមានរហូតមកដល់សព្វថ្ងៃ អាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កត្តានេះធ្វើឱ្យមន្រ្តីនគរបាល ត្រូវចងចាំជានិច្ចដោយអនុវត្តច្បាប់ជាធំ មានវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ថ្នាក់ដឹកនាំទាំងបានបន្ថែមថា ទន្ទឹមគ្នានោះ ត្រូវបង្កើតក្រុមតាមដានព័ត៌មានមួយ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងជនខិលខូចមួយចំនួនដែលញុះញង់ បំពុលព័ត៌មានមួលបង្កាច់ ចោទប្រកាន់ វ៉ៃប្រហារ មកលើសមត្ថកិច្ចនគរបាលយើង ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងបណ្តាញសង្គម និងជួរប្រជាពលរដ្ឋ។

ជាមួយគ្នានោះមន្តី្រនគរបាល ត្រូវធ្វើការបង្កាទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឱ្យកើតមានដូចជា៖ ចោរកម្ម ការជួញដូរមនុស្ស ការរីករាលដាលគ្រឿងញៀន និងការពារសុវត្ថិភាពសន្តិសុខ នៅតាមរមណីយដ្ឋាននានា តំបន់ព្រំដែន ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ឱ្យបានជាប្រចាំ។

ក្នុងឱកាសនោះ ក៏មានពិធីបំពាក់ឋាន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ទោ ជូនមន្ត្រីនគរបាលខេត្ត ចំនួន២៤រូប ព្រមទាំងប្រគល់បណ្ណសរសើរ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំនួន៩រូប ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ផងដែរ៕