(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើសិង្ហបុរីជួយចែករំលែកបទពិសោធន៍គ្រប់គ្រងព័ត៌មានមិនពិតនៅតាមបណ្តាញសង្គម។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហុង វីតាក់ (Hoong Wee Tack) អគ្គស្នងការនគរបាលជាតិសិង្ហបុរី នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនោះ ហុង វីតាក់ បានជំរាបសម្តេចតេជោអំពីកិច្ចពិភាក្សាការងារផ្ទាល់រវាងរូបលោកផ្ទាល់ ជាមួយនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ទៅលើការងារមួយចំនួន ជាពិសេសកិច្ចសហការរវាងប្រទេសកម្ពុជា និងសិង្ហបុរី និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។
លោក ហុង បានអះអាងប្រាប់សម្តេចតេជោថា ស្ថាប័នទាំងពីរកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អ ជាយូរលង់មកហើយ ហើយឈរលើមូលដ្ឋាននេះ ស្ថាប័នទាំងពីរនគរបាលជាតិទាំងពីរ នឹងបន្តសហការគ្នា ដើម្បីជំរុញកិច្ចសហប្រតិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សិង្ហបុរី មានបទពិសោធន៍ និងព័ត៌មានជាច្រើនពាក់ព័ន្ធតំបន់ផង និងប្រទេសជុំវិញផង។ ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្ត ឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងទ្វេភាគី និងពហុភាគី ធ្វើយ៉ាងណាផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក។
បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនោះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា អំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ត្រូវបានរៀបចំឡើងមានបណ្ដាញជាប្រព័ន្ធ។ សម្តេចតេជោបន្ថែមថា កម្ពុជា និងសិង្ហបុរី គប្បីដើររួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ ជាពិសេសសកម្មភាពរបស់ភេរវករ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរសិង្ហបុរីថា ជាប្រទេសមានកន្លែងអប់រំ និងហ្វឹកហាត់បានល្អ ហើយសម្តេចតេជោ បានស្នើសុំឲ្យសិង្ហបុរី ចែករំលែកបទពិសោធន៍ ទៅលើបញ្ហាបង្ហាត់បង្រៀន និងការគ្រប់គ្រងច្បាប់ និងការគ្រប់គ្រងព័ត៌មានមិនពិត ព្រោះសិង្ហបុរីមានច្បាប់គ្រប់គ្រងជាក់លាក់។
សូមបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីគម្រោងកសាងច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះផងដែរ៕