(ត្បូងឃ្មុំ)៖ ទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ត្រូវបានរដ្ឋបាលក្រុងខេត្ត រដ្ឋបាលក្រុងសួង រួមជាមួយមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ រៀបចំប្រារព្ធធ្វើ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» ដោយប្រព្រឹត្តិទៅក្រោមវត្តមានលោកស្រី ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត នៅថ្ងៃថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
លោកស្រី ឡេង សុខា បានថ្លែងឱ្យដឹងថា ទិវារដែលធ្វើឡើងនាពេលនេះ ដើម្បីជាសារពញ្ញាក់ស្មារតីយុវវ័យ ប្រជាពលរដ្ឋទាំងអស់ ឱ្យងាកមករួមគ្នាស្រឡាញ់បរិស្ថាន មានអនាម័យស្អាតទាំងនៅទីជនបទ ក៏ដូចជាទីប្រជុំជន ពិសេសនៅទីក្រុងតែម្តង ដើម្បីទទួលបានខ្យល់ អាកាសបរិសុទ្ធ សោភ័ណភាពស្អាត ជាទីក្រុងដែលគ្មានសម្រាម ជាទីកក់ក្តៅសម្រាប់យើងទាំងអស់គ្នា។
បើតាមលោក ជា ណារ៉ុន អភិបាលក្រុងសួង បានឱ្យដឹងថា ក្នុងឱកាសប្រារព្ធទិវារថ្ងៃនេះ រដ្ឋបាលក្រុង រួមជាមួយមន្ទីរអង្គភាព លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករ បានធ្វើការដង្ហែនូវបដារពាក្យស្លោក និងស្រែកអំពាវនាវតាមមេក្រូ ទាក់ទងការលើកកម្ពស់អនាម័យបរិស្ថាន និងការសម្អាតបរិស្ថានតាមដងផ្លូវ តាមផ្សារ និងទីប្រជុំជនក្រុងសួង គឺដើម្បីជាសារពញាក់ ដាស់តឿន ក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងក្រុងសួង ទាំងអស់ឱ្យងាកមករួមគ្នាស្រលាញ់ និងថែរក្សាបរិស្ថានទីក្រុងទាំងអស់គ្នា ព្រោះថាទីក្រុងស្អាត គឺផ្តើមចេញពីយើងគ្រប់ៗគ្នាស្មើៗគ្នា។
ក្រោយពេលរដ្ឋបាលក្រុង តែងតែចុះធ្វើយុទ្ធនាការសម្អាតបរិស្ថាន និងណែនាំប្រជាពលរដ្ឋក្នុងក្រុងជាបន្តបន្ទាប់រួចមក លោកសង្ឃឹមថា ប្រជាពលរដ្ឋ នឹងផ្លាស់ប្តូរឥរិយាបទ រួមគ្នាជាមួយអាជ្ញាធរខេត្ត ដើម្បីលុបបំបាត់នូវវប្បធម៌ចោលសម្រាមគ្មានសណ្តាប់ធ្នាប់ដោយយកបេះដូងមកស្រឡាញ់ ទីក្រុងខ្លួននោះច្បាស់ណាស់ ការរើបំរាស់ពីភាពគ្មានអនាម័យ នឹងប្តូរមកវិញនូវទីក្រុងមួយដ៏ស្រស់បំព្រងជាទីកក់ក្តៅសម្រាប់ប្រជាជនទាំងអស់ នៅទីក្រុងសួង ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីប្រជាពលរដ្ឋ យល់ដឹងពីការបញ្ជ្រាបនូវបញ្ហាអនាម័យបរិស្ថានជារើយៗពីសំណាក់អាជ្ញារធរខេត្ត-ក្រុង-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសក្រោមការកែលំអរ ជាបន្តបន្ទាប់ទាំងសោភ័ណភាព និងអនាម័យក្នុងក្រុង លោក ជា ណារ៉ុន រំពឹងថាឆ្នាំនេះ ក្រុងសួង នឹងជាប់ចំណាត់ថ្នាក់លេខ២ ឬលេខ១ ដែលទទួលបានផ្ការំដួល ២ឬ៣ទង ដោយកាលពីឆ្នាំទៅ ក្នុងកម្មវិធីប្រលងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អ ទីក្រុងសួង បានជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានផ្ការំដួល១ទង៕