(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១,៦៤៦ នៅទូទាំងប្រទេស ត្រូវបានបើកព្រមៗគ្នា ក្នុងថ្ងៃតែមួយនេះដែរ។ នេះបើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។
គ.ជ.ប បានឱ្យដឹងថា ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈ១៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ (មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ)។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន ១១,៥៧២នាក់ ទូទាំងប្រទេស។ ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។
គ.ជ.ប បានបន្ថែមទៀតថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាមេឃុំ ចៅសង្កាត់ត្រូវចុះហត្ថលេខា និងបោះត្រារដ្ឋបាលឃុំ-សង្កាត់ ដែលមានការបញ្ជាក់ឯកភាព ពីអភិបាលក្រុង-ស្រុក-ខណ្ឌ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់ ពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងត្រូវមានទីតាំងនៅសាលាឃុំ-សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ-សង្កាត់៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖