(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងរៀបចំដឹកជញ្ជូនទឹកបរិសុទ្ធកម្ពុជា ១០,០០០ កេស ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ២,៤១១គ្រួសារ ពី១១ភូមិ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។
បន្ថែមពីលើការឧបត្ថម្ភទឹកបរិសុទ្ធសម្រាប់ពិសា ក្រុមហ៊ុន ក៏បានរៀបចំឡានដឹកទឹកស្អាតសម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
បន្ទាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោងកំពុងមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ ក្រុមហ៊ុន ក៏បានរៀបចំកម្មវិធីចែកជូនទឹកនេះ ជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ក៏ដូចជាការចូលរួមមួយចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការងារដោះស្រាយកង្វះទឹកស្អាតតាមមូលដ្ឋានកន្លងមក។
កម្មវិធីចែកទឹកបរិសុទ្ធ និងទឹកស្អាតនេះ នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៩៖០០ព្រឹក នៅស្រុងស្ទោង ខេត្តកំពង់ធំ។ កម្មវិធីចែកនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកស្អាត និងទឹកពិសាទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ នៅពេលដែលមានបញ្ហាខ្វះទឹកស្អាតម្តងៗ។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគដោយកូនខ្មែរ១០០% ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនជួយខ្មែរជានិច្ច គ្រប់កាលៈទេសៈទាំងអស់៕