(កណ្ដាល)៖ ប៉ុន្មានថ្ងៃនេះ អ្នកភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាជ្រួលច្របល់ និងផ្ទុះការតវ៉ាដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ ទៅអាជ្ញាធរខេត្ត និងសូមអោយសម្ដេចតេជោនាយករដ្ឋមន្ត្រីជួយពួកគាត់ ខណៈមន្ត្រីអាជ្ញាធរភូមិ ឃុំ និងស្រុកឃុបឃិតគ្នា បន្លំឯកសារស្នាមមេដៃរបស់ពួកគាត់ផ្ទេរកម្មសិទ្ធិ ដីរបស់ពួកគាត់ទៅអោយបុគ្គលឈ្មោះ ភឺន ផល្លា ដែលគេអះអាងថា មានងារជាឧកញ៉ាសំបូររឿងអាស្រូវដីធ្លីនោះ។
តំណាងប្រជាពលរដ្ឋដែលមានចំនួនរាប់រយគ្រួសារ មានទីលំនៅជាប់ខាងលិចផ្លូវជាតិលេខ៣៨០ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃអាទិត្យ ម្សិលមិញនៅក្នុងវត្តបន្ទាយ ទីដែលពួកគាត់ជួបជុំគ្នាដើម្បីតវ៉ា បានអោយដឹងថា ដីរបស់ពួកគាត់គឺជាដីភូមិរស់នៅតាំងពីសង្គមចាស់មកម្ល៉េះ ដោយខាងមុខជាប់នឹងផ្លូវជាតិលេខ៣៨០ ខាងក្រោយជាប់នឹងអូរធម្មជាតិដែលដីអូរនេះ ក៏ពួកគាត់គ្រប់គ្រង និងអាស្រ័យផលទៅតាមទំហំក្បាលដីរៀងៗខ្លួន ពេលខែវស្សាទឹកទន្លេឡើងលិច ហើយខែប្រាំងទឹកស្រកទៅវិញ ពួកគាត់ក៏ធ្វើចំការនៅលើដីអូរនេះគ្មានទោមនស្សអ្វីឡើយ។
ស្រាប់តែនៅឆ្នាំ២០១៦ មេភូមិរបស់ពួកគាត់ (ភូមិអរិយក្សត្រ និងភូមិខ្សាច់) បានដើរប្រាប់ពួកគាត់អោយត្រៀមឯកសារដោយអាជ្ញាធរ នឹងរត់ការធ្វើបណ្ណកម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគាត់។
បន្ទាប់មកមេភូមិក៏ប្រមូលប្រជាពលរដ្ឋអោយទៅបំពេញឯកសារ និងផ្ដិត មេដៃលើលិខិតស្នើសុំបណ្ណកម្មសិទ្ធិ តែលោកមេភូមិបានបង្កប់ឯកសារផ្ទេរកម្មសិទ្ធិ នៅក្នុងឯកសារស្នើសុំបណ្ណកម្មសិទ្ធិ និងបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋអោយផ្ដិតមេដៃ នៅលើក្រដាសឯកសារដែលមិនទាន់សរសេរបំពេញក្រោមលេសថា មនុស្សច្រើនសរសេរមិនទាន់ទេ ផ្ដិតតែមេដៃ និងសរសេរឈ្មោះទុកសិនទៅ ចាំគាត់សរសេរឯកសារ បំពេញអោយ។ ចំណែកប្រជាពលរដ្ឋដោយសារទុកចិត្តមេភូមិ ដែលជាអ្នកចាស់ទុំក្នុងស្រុកក៏ព្រមផ្ដិតតែមេដៃ និងសរសេរឈ្មោះពីក្រោមរៀងៗខ្លួន ហើយប្រគល់ឯកសារនោះទៅអោយមេភូមិយកទៅសរសេរបំពេញបន្ត។
ស្រាប់តែថ្មីៗនេះ បែរជាធ្លាយឯកសារដែលពួកគាត់ផ្ដិតមេដៃ ដើម្បីធ្វើបណ្ណកម្មសិទ្ធិនោះទៅជាឯកសារយល់ព្រមផ្ទេរ កម្មសិទ្ធិដីរបស់ពួកគាត់នៅផ្នែកខាងក្រោយ ទៅអោយឈ្មោះ ភឺន ផល្លា ដែលគេស្គាល់ថាជាឈ្មួញរកស៊ីដីធ្លីទៅវិញ។
ប្រជាពលរដ្ឋបានបន្ថែមថា តាមពិតដីរបស់ពួកគាត់នៅផ្នែកខាងក្រោយសុទ្ធតែជាប់នឹងអូរធម្មជាតិទាំងអស់ ហើយនៅផ្នែកម្ខាងទៀតនៃអូរ គឺជាដីកម្មសិទ្ធិរបស់គេផ្សេងៗទៀត តែពេលឯកសារផ្ទេរកម្មសិទ្ធិដីពីឈ្មោះពួក គាត់ទៅឈ្មោះ ភឺន ផល្លា គឺអត់មានឃើញដីអូរធម្មជាតិនោះឡើយ គឺមានតែក្បាលដីខាងក្រោយជាប់ដីឈ្មោះ ភឺន ផល្លារ ហើយដីរបស់ឈ្មោះភឺន ផល្លា គឺលេបត្របាក់យកកន្ទុយដីរបស់ពួកគាត់ រួមទាំងលេបយកដីអូរធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទាំងស្រុងតែម្ដង។
ឥឡូវនេះ ប្រជាពលរដ្ឋទាំងអស់បាននាំគ្នា ធ្វើពាក្យបណ្ដឹងទៅអភិបាលខេត្តកណ្ដាល ដើម្បីសុំមោឃភាពចោលនូវលិខិតស្នើសុំផ្ទេរកម្មសិទ្ធិលិខិតស្នើសុំបណ្ណកម្មសិទ្ធិដែលពួកគាត់បានផ្ដិតមេដៃ ក្រោមការបន្លំខ្លឹមសារលិខិតដែល ឯកសារទាំងអស់នេះមានចុះហត្ថលេខាពីមេភូមិ មេឃុំ និងអាជ្ញាធរស្រុករួចហើយ។
ប្រភពព័ត៌មានពីមន្ត្រីដែលដឹងរឿងបានបង្ហើបអោយដឹងថា ករណីនេះគឺជាអំពើឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងចំណោមឈ្មួញ និងមន្ត្រីអាជ្ញាធរខិលខូចមួយចំនួន ដើម្បីលេបយកដីប្រជាពលរដ្ឋផង លេបយកដីអូរសាធារណៈរបស់រដ្ឋផង ខណៈដីនៅតំបន់នោះកំពុងឡើងថ្លៃ១ហិកតា ៣ទៅ៤លានដុល្លារឯណោះ។
មន្ត្រីដឹងរឿងខាងលើបានបន្ថែមថា ដើម្បីលេបយកដីអូរសាធារណៈរបស់រដ្ឋ និងកន្ទុយដីរបស់ប្រជាពលរដ្ឋដែលនៅជាប់អូរបាន គឺពួកគេឃុបឃិតគ្នាបំភ័ន្តភ្នែកប្រជាពលរដ្ឋថា អាជ្ញាធរ និងសប្បុរសជនចេញ លុយធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដោយកំណត់ដីប្រជាពលរដ្ឋពីផ្លូវជាតិទៅក្រោយមានចំងាយ៥០ម៉ែត្រ ហើយបើធ្វើប្លង់ត្រូវកាត់ចំណីផ្លូវជាតិ១៥ម៉ែត្រ ហើយខាងក្រោយ កាត់ចំណីអូរ១០ម៉ែត្រ។
ដូច្នេះដីប្រជាពលរដ្ឋនៅសល់ក្នុងបណ្ណកម្មសិទ្ធិបណ្ដោយ២៥ម៉ែត្រ ហើយកន្ទុយដីនៅនៅសល់ពីក្នុងបណ្ណកម្មសិទ្ធិ ប្រជាពលរដ្ឋយល់ព្រមផ្ទេរទៅអោយឈ្មោះ ភឺន ផល្លា ដើម្បីអាជ្ញាធរបានជាលេសយកដីអូរសាធារណៈ របស់រដ្ឋផ្ដល់បណ្ណកម្មសិទ្ធិអោយទៅឈ្មោះ ភឺន ផល្លា ព្រោះតែដីឈ្មោះ ភឺន ផល្លា សរសេរថាខាងកើតជាប់ ដីប្រជាពលរដ្ឋដែលនៅជាប់ផ្លូវជាតិលេខ៣៨០ ខាងត្បូង និងខាងជើងជាប់ដី ភឺន ផល្លា (តាមពិតជាដីបណ្ដោយអូរពីត្បូងទៅជើង)និងខាងលិចជាប់នឹងដីប្រជាពលរដ្ឋ តាមពិតជាដីរបស់ប្រជាពលរដ្ឋនៅម្ខាងទៀតនៃអូរតែប៉ុណ្ណោះ។
មន្ត្រីខាងលើបានបន្តថា មូលហេតុដែលគេឃុបឃិតគ្នាធ្វើដូច្នេះ គឺដើម្បីបន្លំកុំអោយថ្នាក់ក្រសួង និងរាជរដ្ឋាភិបាលដឹងនាំ អោយបែកទឹកលុយតែប៉ុណ្ណោះ ព្រោះបើយកដីអូរសាធារណៈរបស់រដ្ឋទៅលក់ និងផ្ដល់បណ្ណកម្មសិទ្ធិអោយឈ្មួញ គឺអាជ្ញាធរត្រូវស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋជាមុនសិនទើបអាចប្រគល់ និងចេញបណ្ណកម្មសិទ្ធិអោយឯកជនបាន តែបើគេបន្លំឯកសារប្រជាពលរដ្ឋ ជាម្ចាស់ផ្ទេរកម្មសិទ្ធិអោយ មានន័យថាគេបំភ័ន្តផ្នែកផ្លូវច្បាប់លប់បំបាត់ដីអូរសាធារណៈ ចោលតែម្ដងមិនបាច់ស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអោយធ្វើអនុបយោគដីសាធារណៈ របស់រដ្ឋនោះឡើយ ហើយត្រឹមថ្នាក់ខេត្តគេអាចចេញបណ្ណកម្មសិទ្ធិឯកជនតែម្ដង។
អ្នកដឹងរឿងបានធ្លោយថា ដីអូរដែលមានចាប់ពីមុខវត្តអរិយក្សត្រ រហូតទៅដល់មុខវត្តខ្សាច់នោះ មានប្រវែងរាប់គីឡូម៉ែត្រសរុបជាផ្ទៃដីវិញជាង១០ហិកតាឯណោះ ហើយ ធ្វើលេខគុណសាកមើលទៅ ១ម៉ែត្រការ៉េតម្លៃទាបបំផុត៣០០ដុល្លារ ជាង១០ហិកតា តម្លៃមិនជាង៣០លានដុល្លារទៅហើយទេ។
ពាក់ព័ន្ធការលើកគ្នាតវ៉ាខាងលើនេះ នៅរសៀលថ្ងៃទី0៤ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មានFresh News បានទូរស័ព្ទសុំការបំភ្លឺពី លោក ឌុច ចាន់ មេឃុំអរិយក្សត្រដែរ តែទូរស័ព្ទចូលមិនមានអ្នកលើក ខណៈឈ្មោះ ភឺន ផល្លា អង្គភាពព័ត៌មាន Fresh News ទូរស័ព្ទទាក់ទងសួរនាំផងដែរ តែលោកថាមិនពិតដូចការចោទប្រកាន់នោះទេ៕