(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅរសៀលថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសជនជាតិអាមេរិកកាំងម្នាក់ ដែលពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្មេងតូចចំនួន៥នាក់។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញ បានបើកប្រតិបត្តិការបង្កើតជនបរទេសដែលជាជនសង្ស័យ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល​ពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ ការងារការិយាល័យប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានឱ្យដឹងថា ជនបរទេសដែលឃាត់ខ្លួនមានឈ្មោះ POPE DANNY LEE ហៅ​រ៉ានី អាយុ​៦០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់នេះ គឺកម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ​ស៉ើបអង្កេត កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ រហូតថ្ងៃល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បានចុះទៅឃាត់ខ្លួនជន​បរទេស​តែម្ដង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិ​អាមេរិកម្នាក់ និងធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន០៥នាក់ ក្នុងនោះកុមារីចំនួន០៣នាក់៕