(តាកែវ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះសាកសួរសុខ ទុក្ខកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តតាកែវ ជាប់ប្រទេសវៀតណាម និងបានពិនិត្យបង្គោលព្រំដែនលេខ២៧៥ ស្ថិតនៅច្រកទ្វារអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ផងដែរ។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ កងទ័ពដែលឈជើងតាមបណ្ដោយព្រំដែន, សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្ដេចទាំង២ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកប ដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធរ ពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្ក លក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរសួរសុខទុក្ខនេះ សម្តេចពិជ័យសេនា បានអញ្ជើញពិនិត្យច្រកទ្វារទ្វេភាគីតន់ ហន់ នៅស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងបានទៅពិនិត្យបង្គោលព្រំដែនលេខ៣១៤ នៅច្រកទ្វារអន្តរជាតិព្រែកចាកផងដែរ មុននឹងទៅដល់វរៈប្រតិបត្តិការសឹករង ស្រុកកំពង់ត្រាច៕