(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសថា សម្ដេចនឹងអញ្ជើញជួបសំណេះសំណាល ជាមួយសិល្បករ សិល្បការិនី ប្រចាំឆ្នាំ២០១៩ ដើម្បីអបអរសាទរ «ទិវាវប្បធម៌៣មីនា» នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើសិនជាទិវាវប្បធម៌ ត្រូវធ្វើចំលើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សូមលើកពេលវេលា ដើម្បីទុកឱកាសឲ្យបណ្ដាស្ថានីយ៍ទូរទស្សន៍ អ្នកចម្រៀង និងអ្នកភ្លេង គេធ្វើការប្រគំតន្ដ្រីទៅតាមស្ថានីយ៍ទូរទស្សន៍ តាមខេត្ត ឬការរៀបអាពាហ៍ពិពាហ៍ និងបុណ្យទាន ដែលតែងតែធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ...ចឹងទេបានជាខ្ញុំត្រូវយកពេលវេលានៃការបិទទិវាវប្បធម៌ ៣ មីនា និងជំនួសហូបបាយសាមគ្គី ជាមួយសិល្បករសិល្បការិនី នៅថ្ងៃទី០៦ ខាងមុខទៅវិញ...ខ្ញុំនឹងជួបជាមួយសិល្បករ សិល្បការិនី ប្រចាំឆ្នាំ»។
បើតាមសេចក្តីណែនាំស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់ វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិ នៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។
សូមជម្រាបថា ការប្រារព្ធទិវាវប្បធម៌នេះ មានគោលបំណងជំរុញឲ្យ ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ចូលរួមអនុវត្តឲ្យកាន់តែសកម្មថែមទៀត នូវចំណុចជាសារវន្តដូចខាងក្រោម៖
* លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ នៃសហគមន៍ជនជាតិនៅកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។
* បង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយ ថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
* លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សល្អនូវរាល់ ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ។
* លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាព ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ឲ្យខិតខំបង្កបង្កើន ស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព។
* ជំរុញឲ្យមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ៕