(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមគ្នាចូលរួមធ្វើជំរឿន ផ្តល់ពេលវេលា និងកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យមន្ត្រីជំរឿនចូលសម្ភាសន៍ផ្តល់ព័ត៌មានពាក់ព័ន្ធការធ្វើជំរឿន។

ប្រសាសន៍របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពាក់ព័ន្ធការធ្វើជំរឿនប្រជាជនកម្ពុជាថា តាមពិតគឺកម្ពុជា ត្រូវធ្វើជំរឿនតាំងពីឆ្នាំ២០១៨មកម្ល៉េះ ក៏ប៉ុន្តែដោយសារតែនៅឆ្នាំ២០១៨ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូច្នេះហើយទើបយើងលើកមកធ្វើជំរឿន នៅឆ្នាំ២០១៩វិញផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា៖ «ថ្ងៃ០៣ មីនា គឺជាថ្ងៃជំរឿន ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និយាយដោយឡែក និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចូលរួមសហប្រតិបត្តិការ ក្នុងការធ្វើជំរឿន ត្រូវឱ្យមន្ត្រីចូលជំរឿន ដើម្បីចូលទៅកាន់ទីកន្លែងរបស់ខ្លួន ដើម្បីនឹងធ្វើសម្ភាសន៍ទាក់ទងជាមួយនឹងអ្វីដែលជាតម្រូវការ នៃការធ្វើជំរឿននោះ»។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា ការធ្វើជំរឿនគឺជារឿងសំខាន់ណាស់ ក្នុងការសម្រេចចិត្តធ្វើគោលនយោបាយ។ ដូច្នេះហើយមន្ត្រីរាជការទាំងអស់ ទោះបីស្ថិតនៅក្នុងឋានៈណាក៏ដោយ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការធ្វើជំរឿននេះ ដើម្បីឱ្យយើងបានដឹងថាចំនួនរបស់ប្រជាពលរដ្ឋកម្ពុជា ពិតប្រាកដដែលរស់នៅក្នុងប្រទេសកម្ពុជា ថាមានប្រជាពលរដ្ឋប៉ុន្មាននាក់ ព្រមទាំងអត្រាកំណើនរបស់ប្រជាពលរដ្ឋមានចំនួនប៉ុន្មាននាក់ អត្រាស្លាប់របស់ប្រជាពលរដ្ឋមានចំនួនប៉ុន្មាននាក់។ ការចូលរួមក្នុងការធ្វើជំរឿន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជំរឿននោះនឹងផ្តល់ឱ្យយើងនូវការរៀបចំនូវចក្ខុវិស័យ សម្រាប់អនាគតរបស់ប្រទេសរបស់យើង។

នៅក្នុងការធ្វើជំរឿននេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ត្រីជំរឿនបានសួរសម្តេចពាក់ព័ន្ធនឹងអាយុរៀបការ ហើយមានចំនួនកូនប៉ុន្មាននាក់ កូនប៉ុន្មាននាក់ដែលនៅរស់ និងមានកូនប៉ុន្មាននាក់ដែលបានស្លាប់។ ដូច្នេះតាមរយៈការការធ្វើជំរឿននេះ នឹងធ្វើឱ្យមន្ត្រីជំរឿនបានដឹងថា សម្តេចមានកូនចំនួន៥នាក់ និងម្នាក់បានស្លាប់ ព្រមទាំងសួរបន្តទៅលើមធ្យោបាយមួយចំនួនថា មានរថយន្តប៉ុន្មាន និងទូរទស្សន៍នៅក្នុងផ្ទះផងដែរ ហើយការធ្វើជំរឿននេះ មិនត្រឹមបញ្ជាក់ពីចំនួនរបស់ប្រជាពលរដ្ឋនោះទេ គឺអាចដឹងផងដែរនូវចំនួនយានយន្ត និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសកម្ពុជា សូមចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពី ការធ្វើជំរឿននៅកម្ពុជា។ ដោយសារការពីមុនមិនទាន់ការចូលរួមផ្សព្វពាកព័ន្ធការធ្វើជំរឿន មិនសូវផុសផុលនៅឡើយទេ ហើយថ្មីៗនេះក៏បាននាំណែដល់រដ្ឋមន្ត្រីក្រសួងផែនការ និងអ្នកពាក់ព័ន្ធចំនួនទៀតឱ្យខិតខំប្រឹងប្រឹង ដើម្បីធ្វើយ៉ាងណានាំយកព័ត៌មាន ដែលពាក់ព័ន្ធនឹងការធ្វើជំរឿននៅឆ្នាំ២០១៩នេះ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានដឹងច្បាស់ពីផលប្រយោជន៍នៃការធ្វើជំរឿននេះផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្លាប់ធ្វើជំរឿន៤លើករួចមកហើយ គឺនៅឆ្នាំ១៩២១, ឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅឆ្នាំ១៩២១ ​ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ៕