(បន្ទាយមានជ័យ)៖ អាងទឹកត្រពាំងថ្ម ស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលមិនធ្លាប់រីងស្ងួតនោះ ស្រាប់តែនៅពេលនេះ បានរីងស្ងួតជាប្រវត្តិសាស្រ្ត ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើ ប្រាស់ទឹកប្រចាំថ្ងៃដល់មនុស្ស និងសត្វ ជាពិសេសសត្វស្លាបដ៏កម្រ (សត្វក្រៀល) រាប់រយក្បាលនៅទីនោះ។
នៅចំពោះមុខស្ថានភាពបែបនេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានបញ្ជាឲ្យមន្រ្តីជំនាញបច្ចេកទេស សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការជួយសង្គ្រោះ អាងទឹកត្រពាំងថ្មនេះជាបន្ទាន់ ដើម្បីមានទឹកប្រើប្រាស់ឡើងវិញជូនដល់ប្រជាពលរដ្ឋ និងសត្វ។
ប្រតិបត្តិការជួយសង្គ្រោះអាងទឹកត្រពាំងថ្ម ខាងលើនេះដឹកនាំលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ដែលជាអនុប្រធានមុខព្រួញ រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ-ខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រសួង និងមន្ទីរទាំង ពីរផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះថា ដោយស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០១៩នេះ មានសភាពក្តៅហួតហែងដោយសារឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បានធ្វើឲ្យតំបន់មួយចំនួន ប្រឈមមុខនឹងការខ្វះខាតទឹក។
មន្រ្តីបានបញ្ជាក់ថា «ជាការពិតជាក់ស្តែង អាងទឹកត្រពាំងថ្ម ត្រូវបានរីងស្ងួតគួរឲ្យមានការព្រួយបារម្ភ ដែលជាប្រវត្តិនារដូវវស្សាកន្លងទៅ អាងទឹកនេះ ដែលត្រូវទទួលនូវបរិមាណទឹកយ៉ាងច្រើន ដោយមូយចំណែកធំ គឺបរិមាណទឹកភ្លៀងផ្ទៃក្នុងប្រទេស និងមួយចំណែកទៀត គឺបរិមាណទឹកដែលហូរធ្លាក់មកពីប្រទេសថៃ។ តែស្ថានភាពជាក់ស្តែង ក្នុងរដូវវស្សាកន្លងទៅបរិមាណទឹកភ្លៀង មានយ៉ាងទាបប្រមាណពី 700 - 800 mm ហើយជំនន់ពីថៃក៏គ្មានថែមទៀត។ ទន្ទឹមនឹងបងប្អូនប្រជាកសិករ បានបង្កបង្កើនផលស្រូវប្រាំងលើកទី១ លើសផែនការដែលមានត្រឹមតែ៧.០០០ ហិកតា ជាក់ស្តែងពង្រីករហូតដល់ ៣៥.០០០ ហិកតា និងបានធ្វើការបង្កបង្កើនផលស្រូវប្រាំងលើកទី២ នៅលើផ្ទៃដីប្រមាណ៧.០០០ហិកតាបន្ថែមទៀត»។
ទោះបីជាក្រសួង និងអាជ្ញាធរដែនដី ចុះធ្វើការណែនាំ ពិសេសសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី ការថែរក្សាទឹកទុកយ៉ាងណាក្តី ក៏មិនអាចហាមឃាត់បងប្អូនប្រជាកសិករបាន។ នេះដែលជាហេតុធ្វើឲ្យបរិមាណ នៃចំណុះទឹកបានរក្សាត្រឹមកម្រិត 50 % នៃលទ្ធភាពអាងសរុប 300 លានម៉ែត្រគូប នឹងត្រូវជួបនូវវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យទឹករីងស្ទើរដល់បាត។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា ដោយមានការចុះពិនិត្យជាក់ស្តែង និងមានវិធានការទាន់ពេលវេលា ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីរដ្ឋមន្រ្តី បានចាត់តាំងលោក ចាន់ យុត្ថា និងលោក ចាន់ ស៊ីណាត រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រសួង និងមន្ទីរទាំងពីរ បានចុះធ្វើការកាយប្រឡាយនាំទឹកពីអាងទឹក ស្ទឹងស្រែង ក្នុងខេត្តឧត្តរមានជ័យ បញ្ចូលមកអាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់អិចស្កាវាទរ័ចំនួន ០៧ គ្រឿង ប្រើរយៈពេលអស់ជិត១០ថ្ងៃ ទើបសម្រេចបានជោគជ័យ។
លោកថា តាមរយៈវិធានការខាងលើ ពោលគឺយើងអាចសង្រ្គោះបាននូវកង្វះខាតទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងមនុស្ស ទាំងជីវចម្រុះ និងប្រភេទសត្វកម្រ (សត្វក្រៀល)។
សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖
*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕