(ភ្នំពេញ)៖ ក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ បុករថយន្តរបស់អតីតអ្នកប្រដាល់ ឡោ សំណាង ប៉ុន្តែមិនត្រឹមតែមិនសុំទោសទេ ថែមទាំងឲ្យលោក ឡោ សំណាង សុំទោសវិញទៀត តែលោកមិនព្រម ក៏ត្រូវក្រុមក្មេងស្ទាវទាំងនោះ ដេញវាយពេញផ្លូវបណ្ដាលឲ្យលោករងរបួសបាក់ម្រាមដៃកូន បាក់ធ្មេញ និងរយៈដៃរងរបួសយ៉ាងដំណំ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ នៅទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសុធារស នៅចំណុចខាងក្រោយផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អតីតអ្នកប្រដាល់ ឡោ សំណាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកកំពុងតែបើករថយន្តមួយគ្រឿងម៉ាក SIENNA ពណ៌ស បានធ្វើដំណើរ តាមបណ្ដោយផ្លូវសុធារស លុះមកដល់ចំណុចកើតហេតុ លោកបំរុងនិងបត់ស្រាប់ តែមានម៉ូតូក្មេងស្ទាវមួយក្រុមបើក ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តលោក ត្រូវចំហៀងផ្នែកខាងស្ដាំ បណ្ដាលឲ្យដួលម៉ូតូ។
លោកបានបន្តថា ភ្លាមៗនោះ លោកបានឈប់រថយន្ត ហើយខណៈនោះក៏មានគ្នីគ្នាភាគីខាងម៉ូតូក្មេងស្ទាវ ដែលមានគ្នាជិត១០នាក់ បានដើរមកប្រាប់ឲ្យលោកចុះពីរលើថយន្ដ ដើម្បីទៅអង្វរសំទោសបងធំរបស់ពួកគេ តែលោកមិនព្រមធ្វើតាម បណ្ដាលឲ្យពួកគេខឹងសម្បារ ក៏ស្ទុះទៅដេញវាយលោកផ្អើលពេញផ្លូវ បណ្ដាលឱ្យរងរបួសបាក់ម្រាមដៃកូន បាក់ធ្មេញ និងរយៈដៃរងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនបានជនបង្កហិង្សាចំនួន៤នាក់ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនាំ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕