(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ និងដើម្បីពង្រីកសហគ្រិនភាពក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើននោះ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ ស្តីពីកម្មវិធីបណ្តុះបណ្តាលលើការអភិវឌ្ឍសហគ្រាសតាមសហគមន៍ (C-BED) សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍។
សិក្ខាសាលាថ្នាក់ជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ ដោយមានចូលរួមពីសំណាក់មន្រ្តីមន្ទីរទេសចរណ៍ទាំង ២៥រាជធានី-ខេត្ត តំណាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រតិបត្តិករទេសចរណ៍ និងសមគមន៍ឧស្សាហកម្មទេសចរណ៍ សាស្រ្តាចារ្យ អ្នកជំនាញដែលជាសមាជិកបណ្តាញអ្នកជំនាញ ដែលបានចូលរួមជាសិក្ខាកាមក្នុងសិក្ខាសាលានេះសរុប ៦៨នាក់។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា សិក្ខាសាលានេះនឹងចូលរួមគាំទ្រ និងធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍសមត្ថភាពដល់បណ្ដាសហគ្រាសនៅតាមសហគមន៍ ព្រមទាំងផ្តល់ដល់អ្នកដែលចង់ក្លាយ ជាសហគ្រិន ក្នុងវិស័យទេសចរណ៍នូវចំណេះដឹងថ្មីៗ ដែលទាក់ទងទៅនឹងការអភិវឌ្ឍសហគ្រាសក្នុងវិស័យទេសចរណ៍ មានសមត្ថភាពថ្លឹងថ្លែងអំពីសភាពការណ៍ និងលក្ខខណ្ឌការងារ និងធុរកិច្ចថ្មីៗ ជាពិសេសយល់ដឹងពីដំណើរការនៅក្នុងចាប់ផ្តើមប្រកបអាជីវកម្ម និងសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលជាកត្តាចូលរួមជំរុញឱ្យអ្នកដែលចង់ក្លាយជាសហគ្រិន ក្នុងវិស័យទេសចរណ៍ទាំងអស់ ឲ្យទទួលបានជោគជ័យ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍសហគ្រាសសេវាកម្ម និងផលិតផលទេសចរណ៍ ដែលជាផ្នែកមួយនៃការចូលរួមដល់ការលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមសភាពការវិវត្តនៃវិស័យទេសចរណ៍តំបន់ និងសកលលោក។
ពិសេសលើសពីនេះ កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពខាងលើ នឹងចូលរួមគាំទ្រឱ្យសម្រេចនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ របស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មទេសចរណ៍ បង្កើតការងារសមរម្យ ធានាគុណភាព និងផលិតភាពការងារ និងកំណត់នូវគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសឆ្លើយតបទៅនឹងស្មារតីនៃសមាហរណកម្មតំបន់ផងដែរ។
ដើម្បីចូលរួមគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ អង្គការអន្តរជាតិខាងការងារ ILO នឹងបន្តសហការជាមួយក្រសួងទេសចរណ៍ លើការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញផ្សេងៗទៀត ឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍវិស័យទេសចរណ៍។
គួរកត់សម្គាល់ថា នៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ១១.៨% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥.៦លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៦៣៨លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១២.៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ហើយដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។
ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើនឡើង ១១%។ បើតាមការព្យាករណ៍ នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចនឹងកើនឡើង ដល់ប្រមាណ ៧លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់បានប្រមាណជិត ១លាននាក់ និងប្រមាណ ១០លាននាក់ ក្នុងឆ្នាំ២០២៥ បង្កើតការងារប្រមាណជិត ១.២លាននាក់ និងប្រមាណ ១៥លាននាក់ ក្នុងឆ្នាំ២០៣០ ជាមួយឱកាសការងារប្រមាណជាង ១.៧លាននាក់៕