(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលពួកគេទាំង២ បានជិះម៉ូតូវ៉ាជែងមិនប្រុងប្រយ័ត្ន ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាយរេចង្កូត ជ្រុលទៅបុកពេញទំហឹង ជាមួយនឹងរថយន្តធន់ធំ ចំពាក់កណ្តាល បណ្តាលយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧៖៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្គាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ និងជនរងគ្រោះ រងរបួសធ្ងន់ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ បានបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះទាំង២ បើកបរម៉ូតូម៉ាកសង់២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1B 2739។ ចំណែកឯខាងរថយន្តបង្កម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ 3A-1912 អ្នកបើកបរបានរត់បាត់ស្រមោល។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្ត និងម៉ូតូខាងលើ បើកបរបញ្រ្ចាស់ទិសគ្នា (ម៉ូតូបើកពីលិចទៅកើត រថយន្តបើកពីកើតទៅលិច) លុះមកដល់ចំណុចកើតហេតុ ខាងម៉ូតូបានបានបើកប៉ះជាមួយម៉ូតូផ្សេងទៀត តែមិនស្គាល់ម៉ាក ហើយក៏បានជ្រុលទៅបុករថយន្តខាងលើពេញទំហឹងតែម្តង។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកវាស់វែង និងយកទៅរក្សាទុក នៅស្នងការចររាចរណ៍រាជធានីភ្នំពេញ។ ចំណែកសពជនរងគ្រោះ រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕