(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក HOONG WEE TECK អគ្គស្នងការនគរបាលសិង្ហបុរី បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាជាអាទិភាពថា នឹងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងជាផលប្រយោជន៍ប្រទេសក្នុងតំបន់។

នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងលោក HOONG WEE TECK។ ជំនួបនេះត្រូវបានធ្វើឡើងនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «ផ្អែកតាមលទ្ធផលនៃការពិភាក្សាគ្នា ភាគីទាំងពីរបានឯកភាពគ្នា រួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលជាចំណុចអាទិភាពរបស់ប្រទេសទាំងពីរ និងជាចំណុចអាទិភាពរបស់អាស៊ីមួយដែរ»

លើសពីនេះ ក្នុងជំនួបនោះអគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការនគរបាលសិង្ហបុរី បានឯកភាពគ្នាបង្កើតយន្តការទំនាក់ទំនងត្រង់ ដោយផ្ទាល់ទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍សន្ដិសុខ ការពារវិនិយោគិន ការពារភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ។

បន្ថែមពីនេះ កម្ពុជា-សិង្ហបុរី សហការគ្នាដើម្បីលើកកម្ពស់ សមត្ថភាពរបស់កងកម្លាំង ជាពិសេសសិង្ហបុរី បានសន្យាបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជា លើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងនោះកម្ពុជា-សិង្ហបុរី នឹងចាត់ចែងឲ្យផ្នែកជំនាញរៀបចំកម្មវិធី បណ្ដុះបណ្ដាល មានទាំងរយៈពេលវែង និងរយៈពេលខ្លី។

អគ្គស្នងការរងរូបនេះ បានអះអាងទៀតថា ក្នុងស្ថានភាពចាំបាច់ និងដោយមានសំណើពីភាគីម្ខាងទៀតនោះ ភាគីសិង្ហបុរី នឹងបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលផ្ទាល់នៅកម្ពុជាតែម្ដង។ ចំណុចនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរប្រតិភូជំនាញ ដើម្បីដកបទពិសោធន៍លើការងារជំនាញពីគ្នាទៅវិញទៅមកផងដែរ៕