(កំពង់ចាម)៖ ដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទាំងអស់ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងអនុប្រធានក្រុមការងារ ចុះជួយស្រុកស្រីន្ធរ បានអញ្ជើញចុះពិនិត្យការសាងសង់ សាលាបឋមសិក្សាខ្ទឹង០១ខ្នង ០៥បន្ទប់ ប្រក់ក្រឿង និងបន្ទប់ទឹកចំនួន០២ សរុបការសាងសង់ប្រមាណ៦ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត បានកំពុងកសាងរួចរាល់ហើយជាស្ថាពរ រង់ចាំការដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការ នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាមួយចំនួន ក្នុងការកសាងផ្លូវលំ០១ខ្សែ ប្រវែង១,៣០០ម៉ែត្រ ក្នុងគោលបំណងដើម្បីជួយសម្រួល ដល់ព្រះសង្ឈលោកតា លោកយាយ ប្រជាពលរដ្ឋ និងក្មួយៗ ក្នុងការធ្វើដំណើរឲ្យមានភាពងាយស្រួល បានឆាប់រហ័សជាងមុន។
ចំពោះមុខប្រជាពលរដ្ឋមូលដ្ឋាន លោក ឡូវ ហ៊ឹង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននិងកំពុងជំរុញឲ្យមន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួន មានភាពជឿនលឿនទៅមុខ និងចៀសវាងការប្រគល់ភារកិច្ចទៅឲ្យថ្នាក់ក្រោម ធ្វើការអនុវត្តខុស ដែលជាមូលហេតុធ្វើ ឲ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ឡូវ ហ៊ឹង ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាព អសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជា នៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកអនុប្រធានក្រុមការងារ ក៏បាននាំយកមកនូវប្រហុក៣០០គីឡូក្រាម ថ្នាំពេទ្យ៩០០កញ្ចប់ធំ ឧបត្ថម្ភថវិកាស្រ្តីឆ្លងទន្លេមានកូនភ្លោះ ឧបត្ថម្ភអ្នកស្លាប់ ឧបត្ថម្ភលោកយាយដែលគ្នានកូនចៅ និងឧបត្ថម្ភកម្មវិធីនូវថវិកាមួយចំនួនផងដែរ៕