(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ដោយបានកំណត់យកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីប្រារព្ធទិវានេះ។ នេះបើយោងតាមសេចក្តីណែនាំរបស់សម្តេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

សូមជម្រាបថា ការប្រារព្ធទិវាវប្បធម៌៣មីនា លើកទី២១ ឆ្នាំ២០១៩នេះ បានរក្សានូវប្រធានបទដដែលដូចឆ្នាំ២០១៨ គឺ «យុវជនដើម្បីវប្បធម៌ជាតិ»៕