(ស្វាយរៀង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងថ្នាក់ដឹកនាំសមាគមខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅរបស់អតីតយុទ្ធជន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ជួនពេលដែលសមាជិកនៅទីនេះខ្លះកំពុងផ្តល់សម្ភាសន៍ជាមួយមន្រ្តីជំរឿន និងផ្សេងទៀតកំពុងត្រៀមខ្លួនដើម្បីផ្តល់ព័ត៌មានជូនមន្រ្តីជំរឿន។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិក ថាសម្តេចនឹករលឹក នឹងតែងតែគិតគូរដល់សមាជិក ជាពិសេសអ្នកដែលមានជីវភាពខ្វះខាតតាមរយៈការផ្តល់ដី និងសង់ផ្ទះជូនដូចដែលទាំងអស់គ្នាបានទទួលរួចហើយ ជាក់ស្តែងថ្ងៃនេះ លោកមកកន្លែងផ្ទាល់ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដីដើម្បីសាងសង់ផ្ទះព្រោះ សម្តេចប្រធានលោកផ្តល់ជូនបន្ថែម២០០ខ្នងទៀត។
ទេសរដ្ឋមន្ដ្រី ក៏បានសុំឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត ឧស្សាហ៍ចុះមកសួរសុខទុក្ខ និងពិនិត្យមើល ជីវភាពរសនៅ និងជួយទំនុកបម្រុងដល់បងប្អូន ក្នុងស្ថានភាពដែលពួកគាត់តាំងទីលំនៅថ្មី និងមានការខ្វះខាត។
ជាមួយគ្នានោះ អគ្គលេខាធិការ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់បន្តធ្វើបច្ចុប្បនភាពសមាជិកអតីតយុទ្ធជនក្នុងខេត្ត ក្តាប់ឲ្យបានពីស្ថានភាពរស់នៅ របស់សមាជិកម្នាក់ៗ ខិតខំមើលថែបងប្អូនដែលមានជំងឺ តាមរយៈការបញ្ជូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា និងជម្រាបជូនដល់សមាជិកអតីតយុទ្ធជនទាំងអស់ត្រូវចូលរួមក្នុងការធ្វើជំរឿន តាមសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិអំពីការធ្វើជំរឿននៅទូទាំងប្រទេស។
សមាជិកទាំងអស់គ្នាដែលទទួលបានផ្ទះ និងដីនៅទីនេះ មានក្តីរំភើបរីករាយជាខ្លាំង និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ពួកគាត់បានត្រៀមខ្លួនរួចហើយដើម្បីការធ្វើជំរឿន និងសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារសូមឲ្យបានសុខសប្បាយ សិរីសួស្តី ជ័យមង្គលវិបុលសុខ និងបន្តធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត៕