(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់សំណង់ការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ នៅក្នុងរាជធានីភ្នំពេញនេះ នឹងដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធររាជធានីភ្នំពេញ និងតាមខណ្ឌនានា ដែលបានចូលរួមសហការគ្នាធ្វើឲ្យគម្រោងសាងសង់សំណង់ការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ចំនួន៣គម្រោងកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋឲ្យយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ក៏ដូចជាការរំខានមួយចំនួនកើតចេញពីគម្រោងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៤០ឆ្នាំមុន នៅក្នុងរាជធានីភ្នំពេញភាគច្រើនជាចំការដូង បើមិនមានការរំដោះទាន់ពេលទេ ប្រហែលរាជធានីភ្នំពេញទាំងមូលនឹងក្លាយទៅជាកន្លែងដាំដូង។
* សម្តេចេជោ ហ៊ុន សែន បន្តបបួលអ្នកនិយាយថា កម្ពុជាក្រទៅៗមកស្បថជាមួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹកជំនន់មិនមែនកើតមានតែក្នុងរាជធានីភ្នំពេញទេ គឺកើតមាននៅគ្រប់ទីកន្លែងទាំងអស់។ សម្តេចតេជោ បានលើកជាឧទាហរណ៍ថា ដូចជាករណីទឹកទន្លេមេគង្គហេតុអ្វីបានជាមានទឹកជំនន់? ទឹកជំនន់នេះដោយសារតែការធ្លាក់ទឹកពីខាងលើអាងទន្លេមេគង្គលើសចំណុះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាទឹកជំនន់ក្នុងរាជធានីភ្នំពេញ ក៏ដូចគ្នាផងដែរ។ ទឹកជំនន់លិចភ្នំពេញ ដោយសារតែភ្លៀងធ្លាក់ហួសកម្រិតធ្វើឲ្យការហូររំដោះទឹកមិនទាន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាទឹកជំនន់នេះ មានទាំងនៅជប៉ុន បារាំង និងអ៉ីតាលីជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាររិះគន់ពាក់ព័ន្ធបញ្ហាទឹកជំនន់ក្នុងរាជធានីភ្នំពេញ ជាការនិយាយដោយខ្វះការពិចារណា។
* តែទោះជាយ៉ាងណា ក៏សម្តេចតេជោ ក៏ទទួលយកផងដែរចំពោះការរិះគន់ថា ពេលមានភ្លៀង គឺហូរទាំងទឹក និងសំរាម ទើបធ្វើឲ្យស្ទះលូ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ គឺត្រូវបង្កើនសមត្ថភាពប្រព័ន្ធលូ-ប្រឡាយ ហើយរកវិធីបន្ថែមក្នុងការទម្លាក់ទឹកទៅក្នុងទន្លេមេគង្គ និងទន្លេសាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការបង្កើនសមត្ថភាពប្រព័ន្ធលូ តែបើប្រជាពលរដ្ឋមិនចូលរួមក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវទេនោះ បញ្ហាស្ទះប្រព័ន្ធលូនៅតែកើតមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកលេង Facebook ដែលបង្ហោះរូបភាពពាក់ព័ន្ធបញ្ហាសំរាមហូរជាមួយទឹកចូលទៅក្នុងប្រព័ន្ធលូ។ សម្តេចតេជោ បានលើកឡើងថា ការបង្ហោះបែបនេះ ជាការដាស់តឿនដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលួចយក Facebook របស់សម្តេចថា គឺជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចជាអ្នកលេង Facebook ម្នាក់ សម្តេចគ្មានរឿងអីទៅបិទ Facebook នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបបួលអ្នកដែលនិយាយថា Facebook សម្តេចមិនត្រូវបានគេលួចនោះ ហ៊ានស្បថឲ្យងាប់ទាំងពូជដែរឬទេ?
* សម្តេចតេជោ បានថ្លែងថា សម្តេចមិនបិទ Facebook នោះទេ គឺប្រជាពលរដ្ឋត្រូវការ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើចេះប្រើវា ដើម្បីទាញផលប្រយោជន៍ នឹងទទួលបានផលប្រយោជន៍ពីវា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ត្រូវពិនិត្យមើលលើការប្រើប្រាស់ពាក្យពេចន៍មួយចំនួនលើ Facebook ហើយត្រូវគិតគូរពីច្បាប់ប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញពីការប្រើប្រាស់លុយជំនួយរបស់ជប៉ុនលើគម្រោងសាងសង់សំណង់ការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ក៏ដូចជាគម្រោងផ្សេងៗទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយរបស់ជប៉ុននេះ គឺទាំងការដេញគម្រោង និងការកាន់លុយ គឺជាការចាត់ចែងរបស់រាជរដ្ឋាភិបាលជប៉ុន។ សម្រាប់កម្ពុជា គឺបានតែបើកការដ្ឋាន និងសម្ពោធតែប៉ុណ្ណោះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធចាត់ចែងថវិកាជំនួយរបស់ជប៉ុននៅកម្ពុជា គឺធ្វើដូចៗគ្នាទៅនឹងប្រទេសដទៃទៀតដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានមនុស្សធ្លាប់ទៅអុចអាលជប៉ុនមិនឲ្យផ្តល់ជំនួយមកកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសិល្បករ សិល្បការិនី អបអរសាទរ «ទិវាវប្បធម៌៣មីនា» នៅថ្ងៃទី០៦ ខែមីនា ខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាធ្វើជំរឿន និងផ្តល់ពេលវេលា កិច្ចសហការ ឲ្យមន្ត្រីជំរឿនចូលសម្ភាសន៍ផ្តល់ព័ត៌មានពាក់ព័ន្ធជំរឿន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើជំរឿនគឺជារឿងសំខាន់ណាស់ ក្នុងការសម្រេចចិត្តធ្វើគោលនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ត្រីជំរឿនបានសួរសម្តេចពាក់ព័ន្ធអាយុរៀបការ ចំនួនកូន រថយន្ត និងទូរទស្សន៍នៅក្នុងផ្ទះផងដែរ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា វប្បធម៌បង់ពន្ធត្រូវអនុវត្តន៍គ្រប់គ្នា ដើម្បីទទួលបានប្រាក់សម្រាប់ដោះស្រាយការងារ និងការអភិវឌ្ឍជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់សមិទ្ធផលនៅក្នុងរាជធានីភ្នំពេញ មិនមែនសុទ្ធតែកើតចេញពីជំនួយបរទេសទាំងអស់នោះទេ តែក៏មានថវិការបស់រាជរដ្ឋាភិបាលផងដែរ។ ជាពិសេសសមិទ្ធផលស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើថវិការបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីការធ្វើជំរឿននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុគ្គលដែលវាយមន្ត្រីជំរឿននៅខេត្តតាកែវ ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ បានលើកឡើងថា មន្ត្រីជំរឿនមិនមែនជាអ្នកនយោបាយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាតគណបក្ស និងកាតព័ត៌មានមិនអាចធ្វើជាអាវក្រោះការពារបទល្មើសបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកជាប់បំរាមធ្វើសកម្មភាពនយោបាយថា ទ្វារបានបើកហើយ កុំទាមទារនេះទាមទារនោះច្រើនពេក ព្រោះទ្វារនេះអាចបិទទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កុំអង្គុយរំពឹងថាមានការលើកលែងទោសឲ្យអ្នកនេះ អ្នកនោះឲ្យសោះ។ សម្តេចតេជោ ក៏បានផ្តាំផងដែរថា កុំរំពឹងថា មានការសម្របសម្រួលណាមួយឲ្យសោះ អ្នកប្រព្រឹត្តល្មើ គឺត្រូវអនុវត្តន៍តាមច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំអ្នកជាប់បំរាមនយោបាយថា ប្រសិនបើនៅតែបន្តរារែកមិនសុំសិទ្ធិធ្វើនយោបាយវិញ ទ្វារអាចនឹងត្រូវបិទនៅមុន ឬនៅក្រោយចូលឆ្នាំខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា សម្តេចមិនត្រូវការចរចាផ្នែកនយោបាយអ្វីទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់អ្នកលេង Facebook ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត គឺគេអាចដឹងភ្លាមៗបើមានធ្វើសកម្មភាពផ្ទុយនឹងច្បាប់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីគម្រោងមួយចំនួនរបស់សមាជិក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិផងដែរ ក្នុងការរៀបចំគម្រោងដើម្បីទទួលទណ្ឌិត សម រង្ស៉ី។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅទណ្ឌិត សម រង្ស៉ី ថា ការចូលមកចាប់ខ្លួនសម្តេចដែលជាអ្នកក្តាប់កម្លាំងទ័ព និងជាអ្នកបង្កើតទ័ពមិនមែនជារឿងងាយស្រួលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្រាន់តែអនុវត្តន៍ច្បាប់ចំពោះបក្សនយោបាយមួយដែលធ្វើល្មើសច្បាប់ ហេតុអ្វីបានជាប្រទេសតាំងខ្លួនបិតាប្រជាធិបតេយ្យរិះគន់ថាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះ? ចុះបណ្តាប្រទេសថៃ និងមីយ៉ាន់ម៉ា...វិញមិនក្រឡេកមើលផង។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកវិភាគបញ្ហានយោបាយទាំងអស់សុទ្ធតែរិះគន់សម្តេច។ តែទោះជាយ៉ាងណាទាំងលោក ជេម សុខ លោក មាស នី និងលោក ឡៃ ម៉ុងហៃ គឺសម្តេចទទួលយកការវិភាគមួយចំនួន។ ប៉ុន្តែទាំងការរិះគន់ និងគាំទ្រ គឺសម្តេចយកទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិភាគទាំងនោះមានសុចរិតភាព និងសត្យានុម័ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អូស្ត្រាលី អាមេរិក សុទ្ធតែចាត់ការចំពោះការលូកដៃផ្នែកនយោបាយពីបរទេស ចុះហេតុអ្វីកម្ពុជាធ្វើមិនបាន? សម្តេចតេជោ បានអះអាងថា អ្វីដែលសម្តេចធ្វើ គឺដើម្បីតែសេចក្តីសុខរបស់ប្រទេស និងប្រជាជនប៉ុណ្ណោះ ហេតុអ្វីធ្វើបាន?
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ពន្ធនាគារទាំងអស់ឲ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមររៀបចំកម្លាំងដើម្បីធ្វើកុប្បកម្មមិនត្រូវបានលើកលែងជាដាច់ខាត
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកវិភាគ ជេម សុខ នៅសហរដ្ឋអាមេរិកតែងតែស្តាប់ការថ្លែងសាររបស់សម្តេច ដែលធ្វើឲ្យអ្នកវិភាគរូបនេះមានការវិភាគបានគ្រប់ជ្រុងជ្រោយល្អជាងអ្នកវិភាគដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាដូចជាត្រូវបានគេដណ្តើមយកទៅចាត់ចែង ដោយមិនទុកសិទ្ធិឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាង ៨៣ភាគរយចាត់ចែងជោគវាសនាដោយខ្លួនឯងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅកាន់មន្ត្រីទាំងអស់ឲ្យមានការប្រយ័ត្នប្រយែងចំពោះការងាររបស់ខ្លួន។ សម្តេចតេជោ បានថ្លែងថា សម្តេចគ្មានចាំបាច់សួរនាំរដ្ឋមន្ត្រីនោះទេ គឺសម្តេចត្រូវការតែ ១៥នាទីតែប៉ុណ្ណោះ នឹងត្រូវដកតំណែងបានហើយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ១០៖០៤នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ដែលកំពុងផ្សាយផ្ទាល់ទូទាំងប្រទេស៕