(ព្រៃវែង)៖ នេះជាខ្លឹមសារសំខាន់ នៃមតិសំណេះសំណាលរបស់លោក ព្រុំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ជាមួយប្រជាពលរដ្ឋប្រមាណ៤០០នាក់ មកពី៥ភូមិក្នុងឃុំឈើកាច់ ក្នុងនោះមាន ភូមិគ្រួស ភូមិព្រៃក្តួច ភូមិស្វាយប្រក្រាល ភូមិបឹងប្រស្រែ និងភូមិកំហែងរាជ្យ នារសៀលថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩។
ពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីសំណាក់ លោកស្រី អស់លោកជាអនុប្រធានក្រុមការងារស្រុក ប្រធាននិងក្រុមការងារឃុំទាំង៩ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងសហការី ព្រមទាំងមន្ត្រីនៅមូលដ្ឋានជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើមពិធីសំណេះសំណាលនេះ លោក ព្រុំ សន្ធរ ប្រធានក្រុមការងារឃុំឈើកាច់ បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដែលបានរួបរួមសាមគ្គីគ្នាគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសហគមន៍ បង្កលក្ខណៈបានល្អប្រសើរដល់ការអភិវឌ្ឍមូលដ្ឋាន។
បន្ទាប់មក លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុក បានជម្រាបជូនប្រជាពលរដ្ឋ ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសជាតិយើង ដែលកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងបន្តអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ប្រឈមមុខចំពោះ ឧបាយកលនៃសង្គ្រាមចិត្តសាស្ត្រចុងក្រោយនេះ របស់មជ្ឈដ្ឋានអមិត្តដែលកំពុងមួលបង្កាច់សភាពការណ៍ពិត នៃការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងការបំផ្លើសស្ថានភាពជាក់ស្តែង នៃសិទ្ធិ សេរីភាព ប្រជាធិបតេយ្យរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន លោកប្រធានក្រុមការងារបានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូល ដែលធ្លាប់បានគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា សូមប្រកាន់ជំហរនឹងនរ រឹងមាំមិនត្រូវចាញ់បោកការឃោសនាអកុសលទាំងនោះ និងសូមបន្តជឿជាក់យ៉ាងមុតមាំ លើកំលាំងសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឥស្សរជនជាតិយើង ក្នុងគ្រប់កាលៈទេសៈ ព្រោះថាគ្មានវិញ្ញាសាសាកល្បងណាធំធេង ខ្លាំងក្លាជាងការលំបាកឧបសគ្គ ដែលសង្គមជាតិយើង បានឆ្លងកាត់ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះទេ។
មេរៀនពិសោធន៍សម្រាប់យើងទាំងអស់គ្នាគឺថា៖«ដរាបណាប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ហើយសង្គមជាតិប្រាកដជាស្ថិតនៅលើផ្លូវប្រជាធិបតេយ្យ»។ ហេតុនេះ បញ្ហាស្លាប់រស់សម្រាប់យើង គឺការរក្សាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ យើងឱ្យបន្តរីកចម្រើនខ្លាំងក្លាលើផ្លូវប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ក្នុងបរិបទជាក់ស្តែងរបស់កម្ពុជាដូចបច្ចុប្បន្នជាបន្តទៀត។
ទន្ទឹមនោះ ត្រូវរួមគ្នាប្រឆាំង និងទប់ស្កាត់រាល់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលកំពុងប្រើប្រាស់ប្រជាធិបតេយ្យក្លែងក្លាយក្រោមរូបភាព នៃការផ្លាស់ប្តូរសង្គមតាមរយៈបដិវត្តន៍ពណ៌ សំដៅប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ហើយច្បាស់ណាស់ទង្វើបែបនោះរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការបំផ្លាញសន្តិភាព និងការរីកចម្រើនរបស់មាតុភូមិ ការបំផ្លាញក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ក៏ដូចជាការបំផ្លាញអនាគតរបស់យុវជនជំនាន់ក្រោយ។
យើងប្តេជ្ញាបន្តការពារ និងកសាងអភិវឌ្ឍកម្ពុជា លើមាគ៌ាប្រជាធិបតេយ្យដូចបច្ចុប្បន្នឆ្ពោះទៅកាន់អនាគត ដែលជាបំណងប្រាថ្នារួម គឺសេចក្តីសុខក្សេមក្សាន្ត រុងរឿង ថ្កុំថ្កើងរបស់មាតុភូមិ និងប្រជាជនយើងសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយទៀត៕