(ភ្នំពេញ)៖ បុរស​ម្នាក់​បើក​ម៉ូតូលឿន ដូច​ហោះ​ជ្រុលទៅបុកខឿនផ្លូវដួលបោក​ក្បាល​ផ្ទប់នឹង​​បង្គោល​ស្លាកសញ្ញាចរាចរណ៍ បែកក្បា​ធ្លាយ​ខួរ​លស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅម៉ោងជាង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤​ ខែមិនា​ ឆ្នាំ២០១៩ នៅចំណុងរង្វត់មូល​គួច​កាណុង​ ស្ថិត​នៅ​តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​។

ជនរងគ្រោះ​ឈ្មោះ​ អ៊ូ​ ករិទ្ធទ្យា​ មាន​អាយុ​ ៣២ឆ្នាំ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​កោះដាច់​ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​ និង​មាន​ទី​លំនៅ​បច្ចុប្បន្ន ​ស្ថិត​នៅ​ផ្ទះ​លេខ​៣៩៩​អឺ៣​ ផ្លូវ​៩៣ភូមិ​០៧ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី០៤​ខណ្ឌ​៧មករា​ ក្រុង​ភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ​បើក​ម៉ូតូមួយគ្រឿងម៉ាក​ HONDA DREAM ស៊េរីឆ្នាំ​២០១៨​ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HF-8091បាន​ធ្វើ​ដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង​បោះពួយ​យ៉ាង​លឿន លុះមកដល់​ចំណុច​កើតហេតុខាងលើបានបត់ស្តាំដៃមិន​ទាន់ ​ក៏​ជ្រុល​បុកខឿនផ្លូវដួលបោក​ក្បាល​ផ្ទប់នឹង​​បង្គោល​ស្លាកសញ្ញាចរាចរណ៍ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យរួច សព​ត្រូវ​បាន​រថយន្ត​សាមុយ​រៀបចំ​លើក​ដាក់ ​ក្នុង​រថយន្ត​ដើម្បី​រង់ចាំបងប្អូនមកទទួលសពយកទៅធ្វើ​បុណ្យ​តាមប្រពៃណី រីឯ​ម៉ូតូ​វិញត្រូវបាន​សមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ​ដើម្បី​រង់ចាំសាច់ញាត្តិយកឯកសារ​ មកទទួលយកទៅវិញ៕