(តាកែវ)៖ ប្រជាពលរដ្ឋប្រមាណ ៦ពាន់នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានការពិនិត្យ-ព្យាបាលឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។
អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាសនាពេលនោះ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃកប្បាស បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ សុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈ ការបញ្ចុះតម្លៃទឹក ភ្លើង ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។
លោក ពេជ សោភ័ន បានថ្លែងបន្តថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស រយៈពេល៣ថ្ងៃមកនេះ គឺជាការចូលរួមចំណែកកាត់បន្ថយការលំបាកជូនដល់ប្រជាពលរដ្ឋ។
លោកបានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យ TYDA និងអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមនឹងអាជ្ញាធរដែនដី ដែលបានសហការសម្របសម្រួប និងរៀបចំសណ្តាប់ធ្នាប់ជូនដល់ក្រុមគ្រូពេទ្យ ក្នុងការចុះមកពិនិត្យ និងព្យាបាលក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ ទទួលបានជោគជ័យ។
នៅក្នុងពិធីនេះដែរ ក៏មានចែកបណ្ណសមធ៌មដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១,៣៦៩គ្រួសារ ព្រមទាំងទទួលអំណោយជាអង្ករ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម ផងដែរ។
លោក ពេជ សោភ័ន បានបន្តទៀតថា ប្រជាពលរដ្ឋដែលបានមកទទួលបណ្ណសមធ៌ម និងទទួលអំណោយជាអង្ករនាពេលនេះ សុទ្ធតែមានជីវភាពក្រីក្រលំបាក ដោយសារតែមើលឃើញពីការលំបាកយ៉ាងដូច្នេះ ទើបសម្តេចតេជោ ហ៊ុន សែន តែងធ្វើយ៉ាងណាបង្កើតសាលារៀនតាមឃុំ-ស្រុក ដាច់ស្រយាល ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានលទ្ធភាពអាចបញ្ជូនកូនចៅទៅរៀនឲ្យបានគ្រប់គ្នា។
លោកបានបញ្ជាក់ថា «នៅពេលពុកម៉ែបងប្អូនបានបញ្ជូនកូនចៅទៅរៀន ពួកគេនឹងទទួលបានចំណេះវិជ្ជា មានសមត្ថភាព ចេញទៅធ្វើការ ទទួលបាននូវប្រាក់ចំណូល សម្រាប់ចិញ្ចឹមជីវិត និងក្រុមគ្រួសារ ក៏ដូចជាជួយអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ អញ្ចឹងពុកម៉ែត្រូវបញ្ជូនកូនចៅឲ្យបានទៅរៀនគ្រប់គ្នា ដែលជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពុកម៉ែបងប្អូន»៕