(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវស៉ើបអង្កេត ចុះប្រតិបត្តិការឃាត់ខ្លួនជនជនជាតិអាមេរិកម្នាក់ ដែលពាក់ព័ន្ធករណីទិញពេស្យាចារកុមារ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ ការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួនមានឈ្មោះ POPE DANNY LEE ហៅរ៉ានី អាយុ៦០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់នេះ គឺកម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវស៉ើបអង្កេត កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ រហូតថ្ងៃល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បានចុះទៅឃាត់ខ្លួនជនបរទេសតែម្ដង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ និងធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន០៥នាក់ ក្នុងនោះកុមារីចំនួន០៣នាក់ បាននាំខ្លួនជនបរទេសយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរ ជនបរទេសម្នាក់នេះមានការពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញាឯកភាពឲ្យនគរបាលឃុំខ្លួនជនបរទេសបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕