សហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភថវិកា១៦លានរៀល ដល់ជនរងគ្រោះដោយអគ្គីភ័យ១៦គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
03-03-2019 19:21
(កំពង់ចាម)៖ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក សេន ណាស៊ី និងលោក កៅ អ៊ីមរ៉ន បាននាំយកប្រាក់ឧបត្ថម្ភរបស់ ស.ស.យ.ក ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ១៦គ្រួសារ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះ អស់ចំនួន១៦ខ្នង ក្នុងមួយគ្រួសារ ទទួលបានថវិកា១លានរៀល។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាប្រមាណម៉ោង៣រសៀល មានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅភូមិ ស្វាយតាណន់ (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម អស់ចំនួន១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិ និងថវិកាយ៉ាងច្រើន។
អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅរសៀលម៉ោងប្រមាណ៥៖១៥នាទី ដោយមានកិច្ចអន្តរាគមន៍ពីកងកម្លាំងមានសមត្ថកិច្ច ជាមួយរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿងផងដែរ៕