(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។
លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។
បើតាមលោក ឃួង ស្រេង គម្រោងសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ប្រើរយៈពេលប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាធ្វើឲ្យបរិស្ថាននៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើង។
ពីទីក្រុងខ្មោចដ៏ស្ងប់ស្ងាត់ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បច្ចុប្បន្នរាជធានីភ្នំពេញ បានបោះពួយការអភិវឌ្ឍយ៉ាងលឿនលយ។ កំណើនយានយន្តដ៏គំហុក, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាផ្ទះសម្បែង, បញ្ហាបរិស្ថាន, ការគំរាមកំហែងពីទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ព្រមទាំងបញ្ហាមួយចំនួនទៀត បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបបញ្ហាប្រឈមនេះទាមទារឲ្យរាជរដ្ឋាភិបាលលើកជាវិធានការធំៗជាច្រើន ក្នុងន័យឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ មាននិរន្តភាព និងស្ថេរភាពពិតប្រាកដ។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើករួចមកហើយ។ តាមរយៈគម្រោងទាំង៣កន្លងមក បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
* ខាងក្រោមជារបាយការណ៍សង្ខេបស្តីពីការអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើកកន្លងមក៖
- គម្រោងអទិភាពទី១៖ គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី១ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ពីខែធ្នូ ឆ្នាំ២០០២ ដល់ខែកញ្ញា ឆ្នាំ២០០៤។ ជាលទ្ធផលគម្រោងនេះបានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀង ដែលធ្លាប់តែជន់លិចត្រាំត្រែងនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ នៅផ្នែកខ្លះនៃខណ្ឌទួលគោក ខណ្ឌចំការ និងខណ្ឌមានជ័យ ជាពិសេសបានការពារផ្នែកខាងត្បូងរាជធានីភ្នំពេញ ពីការគម្រាមកំហែងដោយទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ ដោយទំនប់បឹងទំពុនត្រូវបានជួសជុល និងពង្រឹង និងជាបន្ទាប់មកទៀត ក៏បានក្លាយជាផ្លូវវាងមួយដ៏សំខាន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។
- គម្រោងអទិភាពទី២៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី២ ដែលបានអនុវត្តពីខែតុលា ឆ្នាំ២០០៧ ដល់ខែកុម្ភៈ ឆ្នាំ២០១០ ហើយដែលគម្រោងជំហានទី២នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាល និងខាងកើតរាជធានីភ្នំពេញ ដូចជានៅជុំវិញតំបន់វត្តភ្នំ ជុំវិញផ្សារថ្មី ផ្សារកណ្តាល ជុំវិញព្រះបរមរាជវាំង និងសារមន្ទីរជាតិ ជាពិសេសមុខអតីតរដ្ឋសភាជាតិ ដែលឧស្សាហ៍ជន់លិចដោយទឹកភ្លៀងជារឿយៗក្នុងរដូវវស្សាកន្លងមក ដោយបានសាងសង់ស្ថានីយបូមទឹក និងអាងស្តុកទឹកក្រោមដីចំនួន៤កន្លែង ក្រោមសួនច្បារតាមដងទន្លេសាប និងជីកដាក់បណ្តាញលូមេសំខាន់ៗតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលទឹកភ្លៀងឲ្យហូរបានលឿនមកអាងស្តុកទឹកក្រោមដីទាំងនោះ ដើម្បីបូមបញ្ចេញទៅទន្លេបានទាន់ពេលវេលា។
ម្យ៉ាងទៀត ដើម្បីលើកកំពស់សោភ័ណភាព និងបរិស្ថានតាមដងទន្លេសាប និងមុខព្រះបរមរាជវាំង កំណាត់ច្រាំងទន្លេសាបចំនួន២កន្លែង ដែលបានខូចខាត និងបាក់ស្រុត ក៏ត្រូវបានលើកបញ្ចូលក្នុងគម្រោងដើម្បីធ្វើការជួសជុល ហើយជាពិសេសទៅទៀត ទឹកប្រើប្រាស់ដែលធ្លាប់បង្ហូរចូលទន្លេសាបតាមលូរមួយចំនួននោះ ក៏ត្រូវបានពង្វាងឲ្យហូរទៅអាងស្តុកទឹកបឹងត្របែកវិញ ដើម្បីកុំឲ្យខូចបរិស្ថានទឹកទន្លេ និងកុំឲ្យមានក្លិនមិនល្អតាមសួនច្បារមាត់ទន្លេ ដែលជាទីរមណីយដ្ឋានរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តជាដើម។
- គម្រោងអទិភាពទី៣៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៣ ដែលបានអនុវត្តពីខែមករា ឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០១៥។ គម្រោងជំហានទី៣នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់បឹងត្របែក ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយបានជីកដាក់បណ្តាញលូមេ និងលូប្រអប់ធំៗ ប្រវែងប្រមាណ ២០,៦៥៤ម៉ែត្រ ក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងផ្នែកខ្លះនៃខណ្ឌដូនពេញ សាងសង់ឡើងវិញនូវអាងត្រងសម្រាមក្រោមដី នៅសួនច្បារក្បែរផ្លូវលេខ២៤០ ខាងត្បូងព្រះបរមរាជវាំង ដើម្បីបង្ហូរទឹកភ្លៀងឲ្យបានលឿនឆ្ពោះទៅអាងស្តុកទឹកបឹងត្របែក។ ជាមួយគ្នានេះដែរ ក៏មានការផ្គត់ផ្គង់រថយន្តបាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន ០២គ្រឿង និងរថយន្តបូមសម្អាតបណ្តាញលូចំនួន ០២គ្រឿងផងដែរ៕