(កោះកុង)៖ វត្តមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ធ្វើឱ្យប្រជាសហគមន៍នៅទីនោះមានភាពសប្បាយរីករាយក្រៃលែង។ ពួកគាត់មានការងារធ្វើសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងបានបង្ហាញពីសក្ដានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែបនៅក្នុងសហគមន៍របស់ពួកគាត់។
ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើននោះ តំបន់សត្វស្លាបនៅតាមដងព្រែកជីផាត និងព្រែកដំណាក់ខុស (ព្រែកនេះគឺបែកពីព្រែកជីផាត) ឯនាយបស្ចិមទិសនៃមូលដ្ឋានសហគមន៍ ក៏មានសក្ដានុពលមិនចាញ់កន្លែងផ្សេងទៀតដែរ។
ថ្វីដ្បិតការធ្វើដំណើរទៅទស្សនាសត្វស្លាបមានចម្ងាយឆ្ងាយហើយប្រើពេលយូរបន្តិច ប៉ុន្តែបើតាមប្រជាសហគមន៍ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ កម្ររំលងក្នុងការទៅទស្សនាសត្វស្លាបនេះណាស់ ពីព្រោះនៅទីនោះមានសត្វស្លាបចម្រុះប្រភេទ ចម្រុះពណ៌ ដែលកំពុងរស់នៅក្នុងព្រៃតាមដងព្រែកជីផាតយ៉ាងក្ញៀវក្ញា។
ថ្លែងប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលបានធ្វើដំណើរទៅទស្សនាសត្វស្លាបនោះ អ្នកស្រី វ័យ ៦០ឆ្នាំ ហ៊ល នឿន បានបង្ហាញនូវក្ដីរីករាយដែរថា អ៊ំស្រីពិតជាចង់ឱ្យភ្ញៀវទេសចរ មកទស្សនាសហគមន៍អេកូទេសចរណ៍ជីផាតនេះកាន់តែច្រើន ពិសេសសូមឱ្យមកទស្សនាសត្វស្លាបនេះ ពីព្រោះមានតែការងារចែវទូកជូនភ្ញៀវទស្សនាតាមដងព្រែកនេះទេ ដែលស្ត្រីនៅក្នុងសហគមន៍អាចធ្វើបាន។
អ្នកស្រី ហ៊ល នឿន បានបន្តថា នៅតាមដងព្រែកក៏អាចមានដំរីក្នុងព្រៃចុះផឹកទឹក ឬឆ្លងព្រែកជាដើម។ ក្រៅពីនោះក៏មានស្វាព្រាហ្មណ៍ ស្វាក្រេះ ទោច ក្រពើភ្នំ និងសត្វចតុបាតផ្សេងទៀតផងដែរ តែភ្ញៀវទេសចរកម្រប្រទះឃើញពួកសត្វទាំងនេះណាស់។
តើតំបន់ដំណាក់ខុសនេះមានអ្វីប្លែកខ្លះនោះ សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយអ្នកមីង ហ៊ល នឿន ដូចតទៅ៖