(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា បច្ចុប្បន្នទាំងជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិក្នុងប្រទេសជាតិជួបកលិយុគនោះ មានស្ថានភាពកាន់តែល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សមាគមអតីតយុទ្ធជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ត្រូវបានគេមើលឃើញថា បានធ្វើសកម្មភាពយ៉ាងសស្រាកសស្រាំក្នុងការជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា។ តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះទៅកាន់គ្រប់បណ្តារាជធានីខេត្តក្នុងការដោះស្រាយបញ្ហានានារបស់អតីតយុទ្ធជន។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៨ និង ទិសដៅ ឆ្នាំ ២០១៩ របស់សមាគមអតីតយុទ្ធជន បណ្តាខេត្តទាំង ៥ ក្នុងយោធភូមិភាគ ២ ដែលប្រារព្វធ្វើនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា «សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ជាពិសេសការខិតខំជាង ៣ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យស្ថានភាពទូទៅរបស់ សមាគម មានការប្រែប្រួល រីកចម្រើន គួរកត់សម្គាល់»។
«ការកែសម្រួលសមាសភាពដឹកនាំចម្រុះ រួមមាន នគរបាល យោធា អាវុធហត្ថ សង្គមកិច្ច សុរិយោដី និងថ្មីៗនេះ បានបន្ថែមអង្គភាពសាធារណការ ដឹកជញ្ជូន និងអង្គភាពអភិវឌ្ឍន៍ជនបទបញ្ចូល២នាក់ទៀត ធ្វើឲ្យចលករសមាគមកាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយ សមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។ ចំណុចគួរចាប់អារម្មណ៍នោះ គឺការបើកផ្តល់ប្រាក់មរណសង្គ្រោះមានដំណើរការកាន់តែល្អប្រសើរជាលំដាប់ ហើយប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ឬ ប្រាក់ឧបត្ថម្ភ១លើកដំបូង ក៏បានសហការបើកជូនដល់ដៃគ្រួសារសពប្រកបដោយតម្លាភាព។ ជាមួយនោះការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព បានពង្រឹងនូវភាពកក់ក្តៅ បង្កជំនឿទុកចិត្ត របស់បងប្អូនលើសមាគម និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គន់ គីម។
លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការគ្រប់គ្រងសមាជិកឲ្យបានម៉ត់ចត់ តាមរយៈសៀវភៅបញ្ជីរាយនាម ដែលរៀបចំបានតាមឃុំ សង្កាត់នីមួយៗ។ ជាពិសេសពិនិត្យពីស្ថានភាពលំនៅដ្ឋានរបស់អតីតយុទ្ធជនដែលទ័លលំបាកពិតប្រាកដ ដើម្បីចលនាសប្បុរសជន ឬស្នើសុំសម្តេចតេជោ ដោះស្រាយ ជួយជួសជុល ឬ សាងសង់ផ្ទះថ្មីលើដីជាកម្មសិទ្ធិស្រាប់។ ទន្ទឹមនោះត្រូវធ្វើចលនាស្ម័គ្រចិត្ត ចំពោះបងប្អូនដែលអត់ដីអត់ផ្ទះឲ្យទៅតាំងលំនៅថ្មី លើដីសម្បទានសង្គមកិច្ចបម្រុងទុករបស់រដ្ឋនៅតាមខេត្តគោលដៅនានា។ ជាពិសេសនៅខេត្តក្រចេះ ដែលមាន៤ទីតាំង ដើម្បីបានអាស្រ័យផលលើកកម្ពស់ជីវភាព។
តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមក នៅទិសយោធភូមិភាគ២នេះ បានរកឃើញអតីតយុទ្ធជន ទ័លក្រលំបាក សរុបចំនួន ១,៦៥២ គ្រួសារ ក្នុងនេះ មានផ្ទះទ្រុឌទ្រោម មិនសមរម្យចំនួន ៥៨២គ្រួសារ, អ្នកគ្មានដីគ្មានផ្ទះ ចំនួន ៩៣៤គ្រួសារ និងរស់នៅលើដីសាធារណៈចំនួន ១៣៦គ្រួសារ។
ដោយមើលឃើញពីការលំបាកនេះ តាមរយៈសំណើរបស់ទេសរដ្ឋមន្ត្រី គន់ គីម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់ផ្ទះជូន សមាជិកសមាគម ដែលខ្វះខាតពិតប្រាកដលើដីជាកម្មសិទ្ធិស្រាប់ ក្នុងយោធភូមិភាគ២នេះ សរុប ១២៣ខ្នង (កំពង់ចាម ៣៧ខ្នង, ត្បូងឃ្មុំ ៣៧គ្រួសារ, ព្រៃវែង ៤៨ខ្នង និងស្វាយរៀង ០១ខ្នង)។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ មានអតីតយុទ្ធជនក្រលំបាកសរុបចំនួន ១១៦គ្រួសារ (កំពង់ចាម ៣៤គ្រួសារ, ក្រចេះ ៤២គ្រួសារ, ត្បូងឃ្មុំ ៤០ គ្រួសារ) បានស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច នាទីតាំងសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅទីនេះគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីខេត្ត បានផ្តល់ជូន ខេត្តទាំង៣ ក្នុង ១ខេត្ត ៨០ហិកតា ហើយសម្តេចតេជោ ក៏បានផ្តល់ផ្ទះស្នាក់នៅទីនោះ រួមទាំងដីកសិកម្ម និងគម្រោងផ្តល់អណ្តូងស្នប់ជូនផងដែរ។ ក្នុងនោះតាមរយៈ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានផ្តល់ជូនអណ្តូងស្នប់ចំនួន៤ រួចហើយ ដល់បងប្អូនមកពី កំពង់ចាម សម្រាប់ប្រើប្រាស់។
ដោយឡែកកាលពីពេលថ្មីៗ នេះ សម្តេចតេជោប្រធាន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចផ្តល់ផ្ទះចំនួន ២០០ខ្នងថ្មីថែមទៀត ជូនអតីតយុទ្ធជននៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលធ្វើឲ្យសហគមន៍នេះ មានផ្ទះស្នាក់នៅសរុបដល់ទៅ ៤០០ខ្នង។ ចំពោះអតីតយុទ្ធជនរបស់ខេត្តព្រៃវែងចំនួន ១១៣គ្រួសារ ដែលអត់ដីអត់ផ្ទះ លោកអគ្គលេខាធិការ បានឲ្យសមាគមអតីតយុទ្ធជនខេត្តព្រៃវែង ពិនិត្យឡើងវិញ បើពួកគាត់ព្រមទៅរស់នៅខេត្តក្រចេះ នឹងផ្តល់ដីផ្តល់ផ្ទះជូនពួកគាត់។
ក្នុងកិច្ចប្រជុំព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានប្រកាសនូវសេចក្តីសម្រេចទទួលស្គាល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម, ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និង ស្វាយរៀង ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត បន្ថែមពីលើអនុប្រធាន ដែលមានស្រាប់ ៤រូបកន្លងមក៕