ក្មួយស្រីសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្ដជើងព្រៃ ក្នុងខេត្តកំពង់ចាមតម្លៃជាង៤៥ម៉ឺនដុល្លារ
03-03-2019 17:08
(កំពង់ចាម)៖ លោកស្រី ហ៊ុន សុភា ក្មួយស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងសាលាធម្មសភា នៅក្នុងបរិវេណ វត្ដគិរីមុន្នីសារាវ័ន ហៅវត្ដជើងព្រៃ ស្ថិតនៅក្នុងភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្ដកំពង់ចាម។
សាលាធម្មសភានេះ មានបណ្ដោយប្រវែង៣៩ម៉ែត្រ និងទទឹង២១ម៉ែត្រ កម្ពស់មួយជាន់ កសាងអំពីថ្ម ប្រក់ក្បឿង និងមានសួនច្បារព័ន្ធជុំវិញ នឹងកសាងដើម្បីប្រគេន ព្រះសង្ឃ និងជូនពុទ្ធបរិស័ទជិតឆ្ងាយ បានជួបជុំគ្នា ធ្វើបុណ្យទាន តាមលំអានប្រពៃណីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់វិស័យពុទ្ធចក្រនៅកម្ពុជា។
សូមជម្រាបថា សាលាធម្មសភានេះ ត្រូវបានផ្ដួចផ្ដើមគំនិតកសាងឡើងដោយ លោកស្រី ហ៊ុន សុភា, លោក ផន សុភ័ក្រ និងលោកស្រី ប៉ែន បូណ៍មី, សប្បុរសជនជិតឆ្ងាយ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្ដ ជើងព្រៃ ហើយសាលាធម្មសភានេះ នឹងចាប់ផ្ដើមសាងសង់បន្ទាប់ពីថ្ងៃបញ្ចុះបឋមសិលានេះតទៅ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដោយគ្រោងចំណាយថវិកា ជាង៤៥ម៉ឺនដុល្លារ៕