(ព្រះវិហារ)៖ លោកស្រី ញូង ចរិយា ភរិយាអភិបាលខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមាសភាពយេនឌ័រ និងពង្រឹងភាពអង់អាចក្លាហានដល់ស្រ្តី និងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយជាកម្លាំងចលករមួយចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ការលើកឡើងរបស់លោកស្រី ញូង ចរិយា បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខស្ត្រីមកពីក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តព្រះវិហារ ក្នុងពិធីអបអរសារទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ០៨ មីនា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
លោកស្រី ញូង ចរិយា បានលើកឡើងថា «ថ្ងៃនេះសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្នុងនាមលោកស្រី សួស យ៉ារ៉ាទេវី ប្រធានកិត្តិយសសមាគម មានក្តីសោមនស្សរីករាយដោយ បានចូលរួមជាមួយលោកស្រី ជាថ្នាក់ដឹកនាំខេត្ត លោកស្រីជាភរិយាថ្នាក់ដឹកនាំខេត្ត ចូលរួមសំណេះសំណាលសួរសុខទុក្ខបងប្អូននារី នៅទូទាំងខេត្តព្រះវិហារ ដើម្បីអបអរសារទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ០៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទលើកកម្ពស់សមាសភាពយេនឌ័រ និងកិច្ចគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដ៍មានសារៈសំខាន់»។
លោកស្រី ញូង ចរិយា អុន ចាន់ដា បានលើកឡើងដែរថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដើម្បីចូលរួមអបអរសារទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «លើកកម្ពស់សមាសភាពយេនឌ័រ និងការគាំពារ សង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលរំលេចនូវការវិនិយោគសមាសភាពយេនឌ័រ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅអភិវឌ្ឍន៍សង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ដោយមិនទុកឲ្យនណាម្នាក់ឲ្យនៅឯកោព្រមទាំងធានាថាស្ត្រី ក្មេងស្រីនិងក្រុមជនងាយរងគ្រោះ ទទួលបានផលប្រយោជន៍ និងសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយចីរភាព។
លោកស្រី បន្តថា សមាសភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងការផ្តល់សេវាការពារសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាចំបាច់បំផុត ដើម្បីធានាបាននូវដំណើរការសង្គមប្រកបដោយសុខដុមរមនា។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមាសភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយជាកម្លាំងចលករមួយចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ជាមួយគ្នានោះលោកស្រី ញូង ចរិយា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចលនាស្ត្រី និងគណៈកម្មាការសមាគមនារី ដែលបានរៀបចំឲ្យមានពិធីនេះឡើង និងសូមអរគុណ ដល់ប្រធានគណបក្សខេត្ត និងភរិយាថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់កម្មវិធីសំណេះសំណាលនេះ៕