(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងភរិយា ព្រមទាំងមន្រ្តីសាលារាជធានីជាច្រើនរូបផ្សេងទៀត នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសាសនាក្រុងពាលី បើកការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវប្រារព្ធនៅថ្ងៃស្អែកក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ ដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ក្នុងការដំណើរការស្ថាបនាប្រព័ន្ធប្រឡាយ-លូ ប្រកបដោយភាពជឿជាក់ ដើម្បីកាត់បន្ថយជាអប្បបរមានូវការជន់លិច និងការខូចខាតបណ្តាល មកពីជំនន់ទឹកភ្លៀងក្នុងតំបន់ ដោយការកែលំអប្រព័ន្ធលូប្រឡាយ និងការផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពបច្ចុប្បន្ននៃការបង្ហូរទឹកភ្លៀង។
សូមបញ្ជាក់ថា គម្រោងដោយប្រើរយ:ពេលនៃការសាងសង់ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
តាមការគ្រោងទុក នៅថ្ងៃស្អែកនេះ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន នឹងបើកសម្ពោធដំណើរការសាងសង់ ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញនេះ រួមមាន៖ អាងស្តុបទឹកក្រោមដី ស្ថានីយ៍បូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះ ការសាងសង់ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយ-លូ ក្នុងតំបន់ខាងជើងវត្តភ្នំ, ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយ-លូ ក្នុងតំបន់ទួលគោក, តម្លើងរបារតម្រង សម្រាមមេកានិចស្វ័យប្រវត្តិនៅស្ថានីយ៍បូមទឹកដែលបានសាងសង់រួច ក្នុងគម្រោងជំហាទីន២៕