(បាត់ដំបង)៖ លោក រិន វីរះ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ អមដំណើរដោយមន្រ្តីប្រចាំតំបន់, ប្រធានមន្ទីរផែនការ និងអភិបាលស្រុកមោងឬស្សី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ បានចុះពិនិត្យមន្រ្តីជំរឿនសម្ភាស ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជំរឿនទូទៅប្រជាជន​នៅទូទាំងប្រទេស​កម្ពុជា ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី​០៣​ ដល់​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ ដោយនឹងត្រូវសម្ភាសឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារ ប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស។ ក្នុងរយៈពេល១១ថ្ងៃ មន្រ្តីជំរឿនម្នាក់ៗ នឹងត្រូវសម្ភាសប្រជាពលរដ្ឋ ១២០ទៅ១៥០គ្រួសារ ហើយលទ្ធផលបណ្តោះអាសន្ននៃជំរឿននេះ នឹងអាចបង្ហាញក្នុងអំឡុងពេល ៣ខែក្រោយបញ្ចប់ជំរឿន តែអ្វីដែលជាលទ្ធផលផ្លូវការអាចធ្វើឡើងនៅចន្លោះ ៦-៩ខែក្រោយ។

សូមបញ្ជាក់ថា នេះជាការធ្វើជំរឿន​លើកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វើឡើរៀងរាល់​ ១០​ឆ្នាំ​​ម្ដង​ ដើម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ប្រើប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ ឲ្យបានត្រឹមត្រូវ​ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។

ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕