(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរកំណាព្យមួយបទ ចំអកឱ្យទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដែលកំសាកមិនហ៊ានអនុវត្តតាមអ្វីដែលលោកបានសន្យាជាមួយអ្នកគាំទ្រ ក៏ដូចជាការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលថា លោកនឹងត្រឡប់មកកម្ពុជានោះ ខណៈដែលឱសានវាទ នៃការភ្នាល់បានចូលមកដល់។
ការបបួលភ្នាល់របស់លោក សម រង្ស៉ី ជាមួយសម្តេចតេជោ ហ៊ុន សែន បានកើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៉ី បានសរសេរលើបណ្តាញសង្គម Facebook កំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថាបើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ ភ្លាមៗក្រោយបញ្ចប់ការភ្នាល់ តែបើលោកឈ្នះគឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី ប៉ុន្តែរហូតដល់ពេលនេះ គឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក សម រង្ស៉ី មិនបានវិលត្រឡប់តាមការសន្យានោះទេ ព្រមទាំងប្រកាសលុបចោលការភ្នាល់នេះ ៨ថ្ងៃមុនឱសានវាទម្ល៉េះ ដោយសារតែលោក មិនហ៊ានត្រឡប់មកកម្ពុជា ដូចការសន្យា។
ខាងក្រោមនេះគឺជាកំណាព្យទាំងស្រុងរបស់ លោក ជុំ កុសល ដែលមានចំណងជើងជាលក្ខណៈចំអកឱ្យលោក សម រង្ស៉ីថា៖ « ថ្ងៃនេះថ្ងៃអ្វី ?»
* ថ្ងៃនេះថ្ងៃអ្វី....លឺថាជាថ្ងៃ....បងបានសន្យា....ថាបងវិលវិញ...ថ្ងៃ៣នេះណា...ដើមខែមិនា....ជាថ្ងៃកំណត់ ។
* ដល់ថ្ងៃអូនចាំ....បណ្តាំប្រុសបង....បីខែកន្លង....បងធ្វើជាភ្លេច....ធ្វើខ្លួនឯងគ្រាន់....តាំងស្លន់រត់គេច....លឿនដូចអាមិច....បងជាទន្សាយ ។
* អួតខ្លាំងដូចខ្លា....តាមពិតត្រឹមជា....សត្វទន្សាយព្រៃ....កំសាកកំសោយ....ខុសពីសំដី...យកមេឃខ្ពស់លៃ....ទ្រាប់គូទអង្គុយ ។
* អូនបានដឹងច្បាស់....បងឯងមុខក្រាស់....ក្រឡាស់គ្រប់រឿង....ចរិតក៏អន់....បំភ័ន្តធ្វើសឿង....បើខាងពង្វាង....គឺបងពូកែ....។
* បើជ្រុលកំសាក....បងគួរសម្រាក....ដេកអោយសុខស្រួល....កុំនាំជ្រួលជ្រើម....រំជើបរំជួល.....ប្រយ័ត្នបងដួល....គ្មានអ្នកជួយគ្រា....៕