(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានដឹកនាំក្រុមការងារ យកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ នៅភូមិព្រែកតានង់ ឃុំព្រែករំដេង ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែមិនាឆ្នាំ ២០១៩។
លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ ១៦ខ្នង កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ទី១ហើយ ក្នុងកំឡុងពេលដែលលោក បានមកធ្វើជាអភិបាលខេត្តកំពង់ចាម អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ។
លោក គួច ចំរើន បានបន្តថា ខណៈពេលដែលលោកកំពុងធ្វើជាអធិបតី នៅក្នុងការប្រកាសចូលកាន់តំណែង អភិបាលស្រុកបាធាយ នារសៀលថ្ងៃទី១ ខែមីនានោះ លោកក៏បានទទួលព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយថា មានករណីអគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិតានង់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។ បន្ទាប់ពីទទួលព័ត៌មាននោះ លោកបានបញ្ជា ទៅស្នងការនគរបាលខេត្ត ដើម្បីឲ្យចេញរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជាបន្ទាន់ លើសពីនោះ លោកក៏បានទំនាក់ទំនង ជាមួយស្នងការនគរបាល ខេត្តកណ្ដាល ដើម្បីចេញរថយន្តពន្លត់អគ្គីភ័យ មកជួយពន្លត់គ្នា រហូតបានទប់ស្កាត់ការឆេះរាលដាលផ្ទះផ្សេង បន្តទៀត។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅមានផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ត្រូវបានឆាបឆេះ ដែលនេះគឺជាការគួរឲ្យរន្ធត់ជាទីបំផុត ដែលបងប្អូនបានជួបប្រទះ ព្រោះថាក្នុងនោះ ក៏មានផ្ទះមួយខ្នងដែលទើបនឹងធ្វើហើយ មិនទាន់បានឡើងទៅនៅផង ក៏ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុងផងដែរ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាគ្រោះថ្នាក់ វាតែងតែកើតវិលវល់ ក្នុងខណៈពេលដែលមនុស្សជាច្រើន មិនចង់ជួបប្រទះ ដូច្នេះមានតែការប្រុងប្រយ័ត្នទេ ទើបអាចចៀសផុត អំពីគ្រោះថ្នាក់ទាំងនោះបាន។
លោក គួច ចំរើន បន្តថា ក្រោមការណែនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមជាតិកម្ពុជា និងលោក ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចាត់ឲ្យលោក រៀបចំអំណោយ ឱ្យបានឆាប់រហ័ស ដើម្បីយកមកប្រគល់ជូនបងប្អូន ដើម្បីដោះស្រាយបញ្ហាការខ្វះខាត ឲ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ដោយ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី២កេះ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ២យួរ, ត្រីខ១យួរ, និងឃីតមួយកញ្ចប់ ដែលក្នុងនោះមានដូចជាតង់១, ភួយ២, ក្រមា១, និងសារុង១ រួមនឹងថវិកាមួយគ្រួសារ២០ម៉ឺនរៀលផងដែរ៕