Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈើប្រណីត ចំនួន២រថយន្តឡង់គ្រីស័រ ប្រុងដឹកទៅក្រុងបានលុង ត្រូវអាវុធហត្ថបង្ក្រាបបាន នៅស្រុកវ៉ើនសៃ

03-03-2019 13:14

(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្ត កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបនិងដកហូតឈើកកោះ, ឈើគគីរប្រភេទដុំនិងសន្លឹក ដែលសុទ្ធសឹងជាឈើប្រណីត ចំនួន២រថយន្តឡង់គ្រីស័រ ត្រង់ចំណុចភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសនិងសន្តិសុខ នៃទីបញ្ជាការអាវុធខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើខាងលើនេះ គឺមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធខេត្ត និងដឹកនាំកម្លាំងចំនួន១២នាក់ ដោយលោកវរសេនីយ៍ឯក ផាន់ សុផាត មេបញ្ជាការរងទទួលបន្ទុកក្រុមការងារ បង្ក្រាបធនធានធម្មជាតិ។

លោកវរសេនីយ៍ទោ ឃី សុខា ប្រាប់បន្តថា មុននឹងឈានដល់ការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់បណ្តាញសំងាត់ តាមដានជាប្រចាំ រួចសុំយោបល់លោកមេបញ្ជាការ បង្ក្រាបជាក់ស្តែងតែម្តង។ លោក បានឲ្យដឹងទៀតថា ឈើខាងលើនេះ មានប្រភេទដុំនិងសន្លឹកប្រភេទកកោះ និងគគីរលាយគ្នា ដែលឈ្មួញប្រុងដឹកចូលក្រុងបានលុង។

បច្ចុប្បន្នរថយន្តឡង់គ្រីស័រ២គ្រឿង ផ្ទុកឈើប្រណីតទាំងនេះ ត្រូវបានប្រគល់ឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ចែងបន្ត។ យ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដ មិនទាន់ដឹងនៅឡើយទេ រង់ចាំវាស់វែង។

ប្រភពព័ត៌មានដោយឡែកទៀតបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះការលួចដឹកជញ្ជូនឈើ មានជើងខ្លាំង២នាក់ ត្រូវជាកូនប្រុសមន្ត្រីជាន់ខ្ពស់ នៅខេត្តរតនគិរី ដែលសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធកន្លងមកមិនហ៊ានប៉ះ៕