(ភ្នំពេញ)៖ ក្រុមអ្នកកឹមសុខានិយម នៅសហរដ្ឋអាមេរិក កាណាដានិងបារាំង គ្រោងជួបជុំគ្នានៅទីក្រុង ហ្វីឡាឌែលហ្វៀ ( Philadelphia) ឆាប់ៗ នេះដើម្បីពិភាក្សាអំពីកិច្ចការដែល ពួកគេត្រូវធ្វើ សម្រាប់អនាគត នយោបាយនៃក្រុមរបស់ខ្លួន។

ប្រភពពីក្រុមកឹមសុខា និយមនៅអាមេរិកបានឲ្យដឹងថា មានក្រុមអ្នកគាំទ្រលោក កឹម សុខា ជាច្រើន នៅក្រៅប្រទេសជាពិសេសនៅអាមេរិក កាណាដា និងបារាំង បានសម្តែងការក្តៅក្រហាយកាន់តែខ្លាំងឡើងៗ ចំពោះទង្វើរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់ដែលមាន លោកអេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ជាដើម។

ក្រុមកឹមសុខានិយមទាំងនោះ បានចាត់ទុកការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី និងគូរកនទាំងនោះថាជាសម្ពាធកាន់តែធ្ងន់ទៅៗមកលើលោក កឹម សុខា តាមរយៈការដុតកម្តៅ ស្ថានការណ៍ឥតឈប់ឈរដែលជាចេតនា របស់លោក សម រង្ស៊ី ក្នុងការបិទផ្លូវនយោបាយ សម្រាប់ការរកដំណោះស្រាយបង្រួបង្រួមជាតិ រវាងខ្មែរនិងខ្មែរ។

ស្ថានភាពនេះត្រូវបានក្រុមអ្នកគាំទ្រលោក កឹមសុខា ហៅថាជា នយោបាយចែកដីគ្នា នៅដែលធ្វើឲ្យជោគ វាសនារបស់លោក កឹម សុខា ស្ថិតក្នុងសភាពងងឹត សូន្យសុង។ ប្រភពបានឲ្យដឹងទៀតថា ដោយអត់ទ្រាំនឹងទង្វើនេះលែងបាន ក្រុមអ្នកគាំទ្រលោក កឹម សុខា ដែលមានការគាំទ្រនិងជួយជ្រោមជ្រែងពីលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីសញ្ជាតិខ្មែរនៃរដ្ឋវិចតូរីយ៉ាផង ក៏បានពិភាក្សាគ្នារិះរកច្រកចេញមួយផ្សេងពីផ្លូវដែលលោក សម រង្ស៊ី កំពុងដើរ។

ឥឡូវនេះ ពួកគេកំពុងរៀបគម្រោងដើម្បីបើកពិធីជួបជុំមួយដែលឈានទៅរកការ សម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ។ ក្រុមអ្នកគាំទ្រលោកកឹមសុខានៅក្រៅប្រទេសគ្រោងនឹងរៀបចំពិធីជួបជុំដូចគ្នាទៅនឹងអ្វីដែលលោក សម រង្ស៊ីនិងបក្សពួកបានធ្វើកាលពីថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដូច្នេះដែរ។

បើតាមប្រភពគួរឲ្យទុកចិត្តបាន ក្រុមកឹមសុខានិយមទាំងនោះ មានបំណងពិភាក្សាដើម្បីឈានទៅប្រកាសសេចក្តីសម្រេច សំខាន់ៗ​មួយ​ចំនួន​ដូចជា ការសុំសិទ្ធិធ្វើនយោបាយឡើង វិញ ការប្រកាសគោលជំហរ នយោបាយ​មួយ​ដែល​ជារបស់អ្នកកឹម សុខានិយមដែលពួកគេចាត់ទុកជាអនាគតនយោបាយនៃក្រុមប្រឆាំងនៅកម្ពុជា។

ក្រុមនេះមានគោលដៅទាត់ ចោលតួនាទីរបស់លោក សម រង្ស៊ីនិងប្រកាសមិនពាក់ព័ន្ធជាមួយក្រុមលោក សម រង្ស៊ី ទៀតឡើយ ពោលគឺការផ្តាច់ចំណងសម្ព័ន្ធភាពក្លែងក្លាយរវាងលោកសម រង្ស៊ី និងលោក កឹម សុខា ហើយផ្តល់តួនាទីសំខាន់ ដល់លោក កឹម សុខា ឬឥស្សរៈជនម្នាក់ពីកូតាលោក កឹម សុខា (អាចជាកូនស្រីលោកកឹម សុខា កញ្ញា កឹម មនោវិទ្យា) ឲ្យបន្តដឹកនាំក្រុមប្រឆាំង ដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។

ក្រុមលោក កឹម សុខាដែលដាក់ឈ្មោះខ្លួនឯងថាជាក្រុមកែទម្រង់ ចង់អនុម័ត​គោលនយោបាយ​ថ្មីមួយ​សម្រាប់​បក្សប្រឆាំងដែល មានលក្ខណៈស្ថាបនានិងទន់ភ្លន់ដោយមិនយកការញុះញង់ ចាក់ដោត លាបពណ៌ ដើម្បីបញ្ឆេះកំហឹងដូចដែលលោក សម រង្ស៊ី បានធ្វើនោះឡើយ។ ក្រុមនេះក៏គ្រោងប្រកាស គោលនយោបាយការបរទេសថ្មីមួយ សម្រាប់ក្រុមរបស់ខ្លួនដែលខុសពី គោលនយោបាយ ការបរទេសរបស់លោក សម រង្ស៊ី ផងដែរ។

សម្រាប់អ្នកតាមដាននយោបាយតុកាហ្វេ ខ្ញុំយល់ឃើញថា នេះជា របត់នយោបាយថ្មីមួយដ៏សំខាន់ សម្រាប់កសាងអនាគតបក្សប្រឆាំងមួយដែលមានតួនាទីពិត ប្រាកដនៅកម្ពុជាពីព្រោះនយោបាយប្រឆាំងបែបលោក សម រង្ស៊ីដែលត្រូវបានសាក ល្បងជាង២០ ឆ្នាំមកហើយនោះ ឃើញថាទទួលបរាជ័យទាំងស្រុង។

ចលនាកឹមសុខានិយមដែលកំពុងកម្រើកឡើងនាពេលនេះជា សញ្ញាប្រកាសអាសន្នចំពោះលោក សម រង្ស៊ី និងគូរកនដែលអាជីពនយោបាយលាបពណ៌ និងបញ្ឆេះកំហឹងរបស់ពួកគេបានឈានដល់ទីបញ្ចប់។

ទោះបីជាក្រុមលោក កឹម សុខា បានខាតពេលយ៉ាងច្រើនជាមួយលោក សម រង្ស៊ី និងបានធ្វើឲ្យគណបក្សរលាយដោយសារ នយោបាយលោក សម រង្ស៊ី ក៏ដោយ ក៏ប៉ុន្តែ វានៅមិនទាន់ហួសពេលនៅឡើយនោះទេ ដែលត្រូវចាប់ផ្តើមឡើងវិញ នៅពេលនេះ « It is better late than never »។ ផ្ទុយទៅវិញប្រសិនបើក្រុម លោក កឹម សុខានៅបន្តសម្ងំស្ងៀមបន្តិចទៀតនោះ វាច្បាស់ជា ហួសពេលជាមិនខាន។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ