(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ ជាថ្ងៃចុងក្រោយហើយនៃការភ្នាល់គ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទណ្ឌិត សម រង្ស៉ី ជុំវិញការដោះលែងលោក កឹម សុខា។ តែការភ្នាល់នេះត្រូវបានទណ្ឌិតកំសាកញី សម រង្ស៉ី ប្រកាសចុះចាញ់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩មកម្ល៉េះ ពោលមុនថ្ងៃឱសានវាទចំនួន៨ថ្ងៃ។
ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញមកបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាជុំវិញការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ។ ទណ្ឌិតមានរហស្សនាមជាអ្នកនយោបាយកំសាក ឬជើងមិនជាប់ដីជាដើម សម រង្ស៉ី បានលើកឡើងថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៩។
ទណ្ឌិតរូបនេះ បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរបំផុតថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន មិនដោះលែងលោក កឹម សុខា លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ។ ផ្ទុយទៅវិញបើលោក កឹម សុខា ត្រូវបានដោះលែងនោះ សម្តេចតេជោត្ រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រោយការបបួលភ្នាល់នេះភ្លាមៗ សម្តេចតេជោ ហ៊ុន សែន តាមរយៈអង្គភាពព័ត៌មាន Fresh News ក៏បានប្រកាសបង្ខំចិត្តភ្នាល់ជាមួយទណ្ឌិត សម រង្ស៉ី បើទោះបីសម្តេចមើលឃើញថា ការភ្នាល់គ្នានេះជារឿងមិនសមរម្យចំពោះលោក កឹម សុខា ក៏ដោយនោះ។ ព្រោះថាជារឿងមួយដ៏លំបាកសម្រាប់សម្តេចព្រោះទណ្ឌិត សម រង្ស៉ី ជាអ្នកបង្ខំ។ សម្តេចតេជោ ក៏បានឲ្យ Fresh News ធ្វើជាសាក្សីនេះផងដែរ។
តែជាការសោកស្តាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី បានប្រកាសចាត់ទុកការភ្នាល់នេះជាមោឃៈ បង្ហាញការសុំចុះចាញ់របស់ទណ្ឌិត ដែលមានសណ្តានជាមនុស្សកំសាក។
ការប្រកាសចុះចាញ់របស់ទណ្ឌិត សម រង្ស៉ី បានធ្វើឲ្យមនុស្សជាច្រើនរួមទាំងអ្នកគាំទ្រទណ្ឌិតរូបនេះផង សម្តែងការខឹងសម្បា និងស្តីជេរធ្ងន់ៗចំពោះភាពកំសាករបស់ទណ្ឌិតរូបនេះ។
ទន្ទឹមនឹងការប្រកាសចុះចាញ់មុនថ្ងៃផ្តាច់ព្រ័ត្រឈានមកដល់នោះ កាលពីថ្ងៃទី២២ ខែកុម្ភៈ នោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននិពន្ធបទចម្រៀងមួយបទជាការឌឺដង និងបញ្ឈឺចិត្តទណ្ឌិត សម រង្ស៉ី ជាមនុស្សកំសាកផងដែរ។
បទចម្រៀងដែលមានចំណងជើងថា «ទទាយំឆ្លង បងអើយរត់អីលឿនម្ល៉េះ» ត្រូវបានអ្នកចម្រៀងយកមកច្រៀងបញ្ចើចបញ្ជើឲ្យទណ្ឌិត សម រង្ស៉ី យ៉ាងព្រោងព្រាតទាំងលើបណ្តាញសង្គម Facebook Youtube និងនៅតាមកម្មវិធីផ្សេងៗផងដែរ។
បទចម្រៀងនិពន្ធដោយសម្តេចតេជោ ហ៊ុន សែន ក្នុងន័យបញ្ចើចបញ្ចើឲ្យទណ្ឌិត សម រង្ស៉ី មានន័យខ្លឹមសារដូចខាងក្រោម៖
១. ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ(ពីរដង) សង្សារបងអើយរត់អីលឿនម្លេះ?។
២. បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។
៣. បងរត់ចោលអូនអត់ធម៌មេត្តា(ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។
៤. បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។