(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសៅរ៍ ១១រោ ច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមមាន ចង្កៀងពន្លឺព្រះអាទិត្យ ៥០គ្រឿង និងថ្នាំពេទ្យចំនួន ១៥កេស មាន ៤មុខ ត្រូវនឹងជំងឺក្តៅ ឈឺបំពង់ក រលាកសួត និងជំងឺរាគរូស ព្រមទាំងអំណោយកាកបាទក្រហមកម្ពុជា ជាស្បៀង សម្ភារ និងថវិកា បានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ (ស្មើនឹង ២២៦នាក់) រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនបងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ពីការថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ផឹកទឹកឆ្អឹនដាំពុះ និងគេងក្នុងមុងជានិច្ច។
សូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពយ៉ាងហោចណាស់ឱ្យបាន៤ដង ទៅតាមការណែនាំរបស់គ្រូពេទ្យ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុក្នុងរដូវរាំងស្ងួតនេះ។
ទន្ទឹមនឹងនេះ លោក ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ជួសមុខឱ្យប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែចែករំលែកនូវក្ដីស្រឡាញ់ ការសន្ដោសប្រណី ដល់ប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរេីសអេីង ឬប្រកាន់និន្នាការនយោបាយអ្វី។
អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ ចង្កៀងប្រេីពន្លឺព្រះអាទិត្យ ១គ្រឿង ថ្នាំពេទ្យ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ ភួយ១ អាវយឺត១ និងថវិកាមួយចំនួន៕