(ភ្នំពេញ)៖ កាលពីសប្តាហ៍មុនកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “កិច្ចសន្យាការងារ” មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានជ្រាបរួចមកហើយ ដោយបានលើកយកអំពីនិយមន័យ និងប្រភេទនៃកិច្ចសន្យាការងារដែលមានចែងក្នុងច្បាប់ស្តីពីការងារ មកធ្វើការឆ្លុះបញ្ជាំង ។ កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឲ្យមានទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក។ កិច្ចសន្យានេះត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា ។ កិច្ចសន្យាការងារត្រូវបានគេបែងចែកវាជាពីរប្រភេទគឺ កិច្ចសន្យាការងារដែលមានកំណត់ថិរវេលា និងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់។
សម្រាប់សប្តាហ៍នេះ កម្មវិធីយើងសូមលើកយកប្រធានបទស្តីពី “ការរំលាយកិច្ចសន្យាការងារ” មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានជ្រាបវិញម្តង៖
យោងតាមច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ការរំលាយកិច្ចសន្យាការងារ គឺផ្តោតសំខាន់ទៅលើកិច្ចសន្យាការងារពីរប្រភេទ ក្នុងនោះមានកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា និងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ដែលការរំលាយកិច្ចសន្យាទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចខាងក្រោម៖
១៖ ការរំលាយកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា
យោងតាមមាត្រា ៧៣ នៃច្បាប់ការងារ ឆ្នាំ១៩៩៧ បញ្ញត្តិថាៈ កិច្ចសន្យាការងារដែលមានកំណត់ថិរវេលា ត្រូវផុតរលត់តាមធម្មតានៅពេលដល់កាលកំណត់។ ប៉ុន្តែកិច្ចសន្យានេះ អាចរំលាយមុនកាលកំណត់តាមការព្រមព្រៀងរបស់ភាគីទាំងសងខាង ក្នុងលក្ខខណ្ឌដែលការព្រមព្រៀងនេះធ្វើឡើងជាលាយលក្ខណ៍អក្សរនៅចំពោះមុខអធិការការងារ និងចុះហត្ថលេខាដោយភាគីទាំងពីរនៃកិច្ចសន្យា។
បើគ្មានការព្រមព្រៀងរបស់ភាគីទាំងសងខាងទេ កិច្ចសន្យាដែលមានថិរវេលាពិតប្រាកដអាចរំលាយមុនកាលកំណត់បានតែក្នុងករណីដែលមានកំហុសធ្ងន់ ឬករណីប្រធានសក្តិ។
ការជូនដំណឹងមុនកាលកំណត់ចំពោះកិច្ចសន្យាដែលមានកំណត់ថិរវេលានេះ អំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យាគឺត្រូវជូនដំណឹង៖
* មុនចំនួន១០ថ្ងៃ ចំពោះកិច្ចសន្យាមានកំណត់ថិរវេលាលើសពី ៦ខែ។
* មុនចំនួន១៥ថ្ងៃ ចំពោះកិច្ចសន្យាមានកំណត់ថិរវេលាលើសពី ១ឆ្នាំ។
* បើគ្មានការជូនដំណឹងមុនទេ កិច្ចសន្យាត្រូវបន្តសម្រាប់រយៈពេលដូចគ្នានឹងកិច្ចសន្យាការងារដើម។
ការរំលាយកិច្ចសន្យា ដោយឆន្ទៈរបស់និយោជកតែឯកឯងមុនកាលកំណត់ក្រៅពីមូលហេតុខាងលើនេះ បើកសិទ្ធិឲ្យកម្មករនិយោជិតទទួលបានជម្ងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើ នឹងប្រាក់ឈ្នួលដែលកម្មករនិយោជិត ត្រូវបានទទួលរហូតដល់ពេលចប់កិច្ចសន្យា។
ការរំលាយកិច្ចសន្យា ដោយឆន្ទៈរបស់កម្មករនិយោជិតតែឯកឯង ក្រៅពីមូលហេតុខាងលើនេះ បើកសិទ្ធិឲ្យនិយោជកទទួលបានជម្ងឺចិត្ត ស្មើនឹងការខូចខាតរបស់ខ្លួន ដែលបានផ្តល់ឲ្យកម្មករនិយោជិត។ចំពោះករណីដែលមានកំហុសធ្ងន់ យោងតាមមាត្រា ៨៣ នៃច្បាប់ស្តីពីការងារបានចែងថាៈ ត្រូវទុកជាមានកំហុសធ្ងន់ គឺកំហុសទាំងឡាយដូចមានរៀបរាប់ខាងក្រោមនេះ៖
* កំហុសរបស់កម្មករនិយោជិត៖ ការលួច ការប្រវ័ញ្ច ការគៃបំបាត់, ផ្តល់សញ្ញាបត្រក្លែងក្លាយពេលសុំចូលធ្វើការ, ល្មើសធ្ងន់ចំពោះវិធានខាងវិន័យ សន្តិសុខ និងអនាម័យ, ការគំរាមកំហែង ជេរប្រមាថ វាយដំនិយោជក ឬកម្មករនិយោជិតឯទៀត, ការញុះញង់កម្មករនិយោជិតឯទៀត ឲ្យប្រព្រឹត្តកំហុសធ្ងន់, ការឃោសនាសកម្មភាព ឬបាតុកម្មនយោបាយក្នុងគ្រឹះស្ថាន។
* កំហុសរបស់និយោជក៖ កលល្បិចបោកបញ្ឆោត ដែលប្រើដើម្បីទាក់ទាញកម្មករនិយោជិតឲ្យចុះកិច្ចសន្យា, ការមិនព្រមបើកប្រាក់ឈ្នួលឲ្យទាំងអស់ ឬមួយភាគខ្លះ, ការយឺតយូរជាច្រើនលើក ក្នុងការបើកប្រាក់ឈ្នួល, ការជេរប្រមាថ ការគំរាមកំហែង ការវាយដំ, ការមិនប្រគល់ការងារឲ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិតដែលទទួលធ្វើការងារបរិមាណផលិតផល -ល-។
រីឯករណីប្រធានសក្តិ យោងតាមមាត្រា ៨៥ នៃច្បាប់ស្តីពីការងារ បញ្ញត្តិថាៈ និយោជកគ្មានលទ្ធភាពបំពេញ «ខ» សន្យាក្នុងករណីជាអាទិ៍ដូចតទៅ៖
* ការបិទទ្វារសហគ្រាស ដែលរាជការសាធារណៈតម្រូវឲ្យបិទ
* មហន្តរាយ “ទឹកជំនន់ រញ្ជួយផែនដី សង្រ្គាម” ដែលបណ្តាលឲ្យអន្តរាយសម្ភារៈ មិនអាចឲ្យបន្តការងារបានអស់ពេលយ៉ាងយូរ។ មរណភាពនៃនិយោជកដែលបណ្តាលឲ្យបិទទ្វារគ្រឹះស្ថាន បើកសិទ្ធិឲ្យកម្មករនិយោជិតបានប្រាក់បំណាច់ស្មើនឹងរយៈពេលឲ្យដំណឹងមុន ។
នៅពេលបញ្ចប់កិច្ចសន្យា និយោជក ត្រូវផ្តល់ឲ្យកម្មករនិយោជិត នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យានោះ ដែលសមាមាត្រនឹងប្រាក់ឈ្នួល រួមទាំងថិរវេលានៃកិច្ចសន្យាផងដែរ ។ បើគ្មានការកំណត់ណាមួយទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា ។
គ្រប់ករណីនៃការរំលាយកិច្ចសន្យាការងារ កម្មករនិយោជិតអាចតំរូវឲ្យនិយោជកចេញវិញ្ញាបនបត្រការងារដល់ខ្លួនបាន ។
២៖ ការរំលាយកិច្ចសន្យាការងារមានថិរវេលាមិនកំណត់
យោងតាមមាត្រា ៧៤ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការងារ បញ្ញត្តិថាៈ “កិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ អាចរំលាយតាមឆន្ទៈភាគីតែម្ខាងបាន។ ការរំលាយកិច្ចសន្យានេះត្រូវអនុវត្តទៅតាមរបៀបឲ្យដំណឹងមុនជាលាយលក្ខណ៍អក្សរ ដែលភាគីមានបំណងចង់រំលាយកិច្ចសន្យាត្រូវឲ្យទៅភាគីម្ខាងទៀត”។ ចំពោះថិរវេលាដែលត្រូវជូនដំណឹងមុន ត្រូវកំណត់ជាអប្បរមាដូចតទៅ៖
* មុន ៧ ថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសតិចជាង ៦ខែ
* មុន ១៥ ថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសពី ៦ ខែ រហូតដល់ ២ ឆ្នាំ
* មុន ១ ខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពី ២ឆ្នាំ រហូតដល់ ៥ ឆ្នាំ
* មុន ២ ខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពី ៥ឆ្នាំ រហូតដល់ ១០ ឆ្នាំ
* មុន ៣ ខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពី ១០ឆ្នាំ។
ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឲ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឲ្យដំណឹងមុន តម្រូវឲ្យនិយោជកចេញប្រាក់ទូទាត់ដល់កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួល ហើយនឹងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឲ្យដំណឹងមុន ដែលគេមិនបានគោរពត្រឹមត្រូវ។ ក្នុងរយៈពេលឲ្យដំណឹងមុន កម្មករនិយោជិតនៃសហគ្រាសមានសិទ្ធិឈប់ធ្វើការពីរថ្ងៃក្នុងមួយសប្តាហ៍ដោយបានប្រាក់ឈ្នួលពេញ ដើម្បីស្វែងរកការងារមួយថ្មីទៀត ។
ប៉ុន្តែភាគីទាំងឡាយ មិនបាច់គោរពកាតព្វកិច្ចឲ្យដំណឹងមុនបាន ក្នុងករណីដូចជា៖
* ការចូលធ្វើការសាកល្បង ឬកម្មសិក្សាដែលមានចែងក្នុងកិច្ចសន្យា
* ភាគីណាមួយនៃកិច្ចសន្យាប្រព្រឹត្តកំហុសធ្ងន់
* ករណីប្រធានសក្តិដែលភាគីម្ខាងមិនអាចគោរពកិច្ចសន្យារហូតតទៅបាន ។
ចំពោះករណីប្រព្រឹត្តកំហុសធ្ងន់ និងករណីប្រធានសក្តិ ក៏មិនមានភាពខុសគ្នាអំពីកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ ដូចដែលបានសរសេររៀបរាប់នៅក្នុងចំណុចខាងលើនោះផងដែរ ។
ចំពោះការងារម៉ៅការ ឬតាមបរិមាណផលិតផលវិញ កម្មករនិយោជិតមិនត្រូវបោះបង់ការងារដែលជាភារៈរបស់ខ្លួន មុននឹងបានបំពេញចប់សព្វគ្រប់ទេ។ បើការងារនេះមិនអាចធ្វើហើយក្នុងរយៈពេល ១ខែ កម្មករនិយោជិតអាចរួចពីកាតព្វកិច្ចការងារនេះបាន ទាល់តែជូនដំណឹងឲ្យភាគីម្ខាងទៀតចំនួន ៨ថ្ងៃមុន ។
នៅក្នុងសហគ្រាសដែលមានលក្ខណៈធ្វើការតាមរដូវ ដូចមានបញ្ជីដែលកំណត់ដោយប្រកាសក្រសួងទទួលបន្ទុកវិស័យ ការងារ ការដែលឲ្យកម្មករនិយោជិតឈប់នៅពេលចប់ការងារ មិនអាចចាត់ទុកជាការដេញចោលទេ និងមិនត្រូវឲ្យមានប្រាក់បំណាច់អ្វីទេ ប៉ុន្តែត្រូវឲ្យដំណឹងពីការបញ្ឈប់នោះចំនួន ៨ថ្ងៃមុនយ៉ាងតិច ដោយការបិទប្រកាសឲ្យគេឃើញច្បាស់នៅនឹងក្លោងទ្វារធំ សម្រាប់ចូលការដ្ឋាន ហើយនឹងនៅលើនាវានីមួយៗ ប្រសិនបើមានការដ្ឋាននៅលើនោះ។
សរុបសេចក្តីមក ចំពោះការរំលាយកិច្ចសន្យាការងាររវាងកម្មករនិយោជិត និងនិយោជក មិនថាជាកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា ឬជាកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់នោះ គឺភាគីនីមួយៗត្រូវគោរពកាតព្វកិច្ច និងទទួលខុសត្រូវចំពោះការបញ្ចប់នេះ ឲ្យបានត្រឹមត្រូវស្របទៅនឹងលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕