(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមខិតខំឆ្លើយជាមួយមន្ត្រីជំរឿន ឲ្យបានត្រឹមត្រូវពិតប្រាកដ ព្រោះថាជំរឿននេះ មានសារសំខាន់ណាស់ សម្រាប់ប្រទេសជាតិ គឺអាចដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីផែនការក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក សុខ លូ និងក្រុមការងារ បានចុះពិនិត្យមើលស្ថានភាពមន្រ្តី ធ្វើពីជំរឿនប្រជាពលរដ្ឋ នៅសណ្ឋាគារក្លរៀ នារាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។
តាមការបញ្ជាក់របស់លោក ភោគ ចន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានឲ្យដឹងថា ការធ្វើំរឿនត្រូវបានប្រើប្រាស់មន្ត្រី ចំនួន២,២៦៦នាក់ ក្នុងនោះមន្រ្តីសភាសន៍មានចំនួន១,៧៨៤នាក់ មន្ត្រីត្រួតពិនិត្យចំនួន៤៤៦ នាក់ និងមន្ត្រីបំរុងចំនួន៣៦នាក់។ ក្នុងការធ្វើជំរឿនសម្រាប់ខេត្តកំពង់ធំ មានចំនួន៧៨០ភូមិ មានចំនួន១,៧៨៤ EA។
លោកបានបន្តទៀតថា ការធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋ គឺមានរយៈពេល១៤ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ យើងធ្វើការចុះបញ្ជីផ្ទះដល់ថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺធ្វើការជំរឿនស្ថិតិប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់យប់ថ្ងៃទី២ គឺយើងធ្វើសម្ភាសន៍មនុស្សឆ្លងកាត់ ដែលបានមកស្នាក់នៅក្នុងតំបន់របស់យើង ដូចជាផ្ទះសំណាក់ សណ្ឋាគារ ឬ ក៏គ្រួសារដែលគ្មានផ្ទះសម្បែងជាដើម។
លោកថា ចាប់តាំងពីឆ្នាំ ១៩៧៩ មកប្រទេសកម្ពុជា បានរៀបចំធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋចំនួន៣ លើកទី១៖ គឺឆ្នាំ១៩៩៨, ទី២៖ ឆ្នាំ២០០៨ និងលើកទី៣៖ ឆ្នាំ២០១៩ ដោយសារប្រទេសកម្ពុជា នៅឆ្នាំ២០១៨ បានជាប់ភារកិច្ច នូវការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ ការធ្វើជំរឿនត្រូវបានមកលើកមកឆ្នាំ។
លោក ឃិន សុង អគ្គនាយករងវិទ្យស្ថានជាតិ ស្ថិតិក្រសួងផែនការ និងជាមន្ត្រីប្រចាំតំបន់ខេត្តកំពង់ធំ បានលើកឡើងថា អត្ថប្រយោជន៍នៃការធ្វើជំរឿន គឺដើម្បីយើងរាប់ចំនួនមនុស្សចង់ដឹង ពីការកើនឡើងចំនួនប្រជាជន ក្នុងរយៈពេល១០ឆ្នាំម្តង៕