(ភ្នំពេញ)៖ អភិបាលនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង និងក្រុមការងារ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ បានចុះសម្ភាសនៅផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីធ្វើជំរឿនទូទៅ។
សូមជម្រាបថា ជំរឿនទូទៅប្រជាជននៅទូទាំងប្រទេស ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។
ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។
នៅម៉ោង៨យប់មិញនេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យការសម្ភាស របស់មន្ត្រីជំរឿនលើជនអនាថា និងជនគ្មានទីលំនៅ នៅម្តុំផ្សារដើមគរ និងជិត Naga World ផងដែរ៕