(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួន និងរឹបអូសវត្ថុតាងថ្នាំញៀន និងសម្ភារព្រមទាំងជាច្រើនទៀត នៅរសៀលថ្ងៃទី០២ ខែមនា ឆ្នាំ២០១៩ នៅចំណុចភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្តចំនួន៧នាក់ ប្រើប្រាស់រថយន្ត២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធ ស្រុកជាំក្សាន្ត បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងជាច្រើនទៀត។
មន្ត្រីអាវុធហត្ថបានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទឹម ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ក្នុងនោះ កងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន១៦កញ្ចប់ មានទម្ងន់៣១.១៨ក្រាម, ថ្នាំញៀន (wy) ចំនួន៦០គ្រាប់, ទូរសព្ទ័១គ្រឿង, កាបូបស្ពាយ១ និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕