(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន៣នាក់ ដោយដកហូតថ្នាំញៀន២៧កញ្ចប់, ថ្នាំគ្រាប់ពណ៌លឿង៣៧គ្រាប់ និងវត្ថុតាងជាច្រើនទៀត នៅស្រុកចិត្របុរី។
យោងតាមរបាយការណ៍ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយអាវុធហត្ថស្រុកចិត្របុរី និងអាវុធហត្ថក្រុងក្រចេះ ក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុជហត្ថខេត្ត ដឹកនាំដោយលោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិព្រះរាជអាជ្ញាសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ បានចុះបង្រ្គាបករណីចែកចាយ និងប្រើប្រាសដោយខុសច្បាប់ នូវសាធាត់ញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
របាយការណ៍អាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងទៀតថា ជនសង្ស័យទី១ ឈ្មោះ ឡេង ម៉ៅ ភេទស្រី អាយុ៤៧ឆ្នាំ, ទី២ ឈ្មោះ ឈាង ឆេង ភេទប្រុស អាយុ៦៥ឆ្នាំ និងទី៣ ឈ្មោះនៅ វិឆៃ ភេទប្រុស អាយុ២៦ឆ្នាំ។ អ្នកទាំងបីនាក់រស់នៅ ភូមិ ឃុំ ខាងលើ។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសាធាតុញៀនចំនួន២៧កញ្ចប់, ថ្នាំគ្រាប់លឿង ក្រម៉ៅចំនួន៣៧គ្រាប់, កញ្ចប់បារីហ្វីន ផ្ទុកសារធាតុញៀនចំនួន២កញ្ចប់, ម៉ូតូ Dream c125 ឆ្នាំ2015 ចំនួន១គ្រឿង និងសម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃុំនិងរក្សា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕