(ព្រះសីហនុ)៖ ប្រតិភូយោធិននារី ៥០០នាក់ មកពីក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ទឹក អាកាស បណ្តាយោធភូមិភាគទាំង៦ ដែលដឹកនាំដោយ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បាននៅថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០១៩នេះ បានបំពេញទស្សនកិច្ចកំសាន្ត រយៈពេល២ថ្ងៃ នៅបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដើម្បីអបអរសាទរដល់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩។
កម្មវិធីដែលនឹងត្រូវរៀបចំសម្រាប់ទស្សនកិច្ចកម្សាន្តរបស់ក្រុមយោធិននារីរបស់ក្រសួងការពារជាតិ នៅ២ថ្ងៃនេះ រួមមានដូចជា ការរៀបចំពិធីមិទ្ទីញ និងជិះនាវាកំសាន្ត ជប់លៀង និងបោះតង់ស្នាក់នៅរួមគ្នាជាលក្ខណៈមិត្តភាពដើម្បីចូលរួមអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ឆ្នាំនេះ ដែលធ្វើឡើង ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអាណត្តិទី០៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុន ក្នុងការលើកកម្ពស់យេនឌ័រ នៅក្នុងជួរថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រសួងការពារជាតិដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានចូលរួមក្នុងការលើកកម្ពស់យេនឌ័រនេះយ៉ាងសកម្មផងដែរ ដោយបានរៀបចំឱ្យមានថ្នាក់ដឹកនាំជាស្រ្តី ក្នុងនោះមានក្នុងជួររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងបានបញ្ចូលនារីទៅក្នុងជួរថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យនារី ទទួលបានឱកាសបំពេញការងារក្នុងជួរកងទ័ព។
លោកបានបន្តថា សម្រាប់វិស័យយោធា សមត្ថភាពរបស់នារីពេលនេះ ក៏បានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មិនចាញ់បុរសនោះឡើយ។
បើតាម លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានដឹកនាំក្រុមយោធិននារី ទៅបំពេញទស្សនកិច្ចកម្សាន្តនេះ បានឱ្យដឹងថា ការរៀបចំពិធីនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តជូនដល់យោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ ដែលកន្លងមក បងប្អូនបានលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មនៅគ្រប់សកម្មភាពក្នុងការការពារបុព្វហេតុជាតិមាតុភូមិរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព របស់យោធិននារីគ្រប់អង្គភាព និងបណ្តាប្រភេទទ័ពក្នុងទូទាំងកងយោធពលខេមរភូមិន្ទ។
លោកស្រីរដ្ឋលេខាធិការ បានកោតសរសើនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់យោធិននារី ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសម្រេចលទ្ធផលប្រកបដោយផ្លែផ្កាផងដែរ។
ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីវីរភាព នៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម។
ព្រះរាជសាររបស់សម្តេចម៉ែ សម្រាប់អបអរសាទរដល់ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះ បានឱ្យដឹងថា ទិវានារីអន្តរជាតិ បានលើកយកប្រធានបទមួយគឺ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» សម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការ អនុវត្តគោលនយោបាយជាតិ គាំពារសង្គមដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋា ភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោក ប្រជារាស្ត្រមានសេចក្តីសុខវឌ្ឍនភាព ដូចសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ៕