(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជាង១,០០០នាក់ ប្រកបដោយភាពអធឹកអធមបំផុត។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទស្សនាសមិទ្ធិផលរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងបានទស្សនាការសម្តែងយុទ្ធវិធីផ្សេងៗ យ៉ាងជក់ចិត្ត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ជូន គណៈអធិបតីស្តីពីលទ្ធផលការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ សម្រេចបានកន្លងមកជាច្រើន ដែលមានខ្លឹមសារជារួម ផ្តោតសំខាន់លើការតស៊ូ ប្រឹងប្រែងជំនះឧបសគ្គ អនុវត្ត ភារកិច្ចចម្បងចំនួន០៤ ក្នុងពេលតំណាលគ្នានោះគឺ៖
ទី១៖ ការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ
ទី២៖ ការគ្រប់គ្រង និងកសាងអង្គភាព
ទី៣៖ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស
និងទី៤៖ ការជួយសង្គ្រោះបម្រើពលរដ្ឋ និងសង្គម។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ ចំពោះរាល់ស្នាដៃ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាន និងមានមតិសំណេះសំណាល ផ្តាំផ្ញើដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធិភាពខ្ពស់បំផុត នូវអនុសាសន៍១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមក។
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរបំផុត ចំពោះកងរាជអាវុធហត្ថភ្នំពេញ ដែលបានបំពេញយ៉ាងពេញលេញ រួចជាស្រេចទៅហើយធ្វើឲ្យសម្តេចពិបាករៀបរាប់ថា ត្រូវផ្តាំផ្ញើឲ្យធ្វើអ្វីបន្តទៅទៀត ហើយអាចនិយាយបានថា ជាគំរូមួយដែរដល់បណ្តាកងឯកភាពទាំងឡាយ។
ប្រមុខដឹកនាំក្រសួងការពារជាតិរូបនេះ បានបន្ថែមថា កន្លងមកសម្តេចបានរួមចំណែក ស្វះស្វែងរកគ្រឿងបំពាក់ ធ្វើយ៉ាងណាជំនួយដល់កម្លាំងទាំងអស់គ្នា ពេលចេញប្រតិបត្តិការធានាបានសុវត្ថិភាព ហើយបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធិភាពផងដែរ តែយ៉ាងណាក៏ដោយ សម្តេចមិនអាចមិនកោតសរសើរបានទេ អ្វីដែលបានមកហើយ ហាក់ដូចជាមិនទាន់សមស្របទាំងស្រុង តែអាវុធហត្ថភ្នំពេញ បាននាំយកមកកែច្នៃបន្ថែមស្របតាមស្ថានភាព ជាក់ស្តែងស្របតាមបទពិសោធន៍ ដែលធ្លាប់ប្រតិបត្តិការហើយជួបប្រទះ ព្រមទាំងមានការធានាទាំងជីវភាព ធានាការចេញប្រតិបត្តិការ និងមានការធានាទុកដាក់សម្ភារ អាវុធយុទ្ធភ័ណ្ឌបានយ៉ាងល្អ។
ជាថ្មីម្តងទៀត សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានប្រឹងប្រែងធ្វើពលីកម្ម ប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាជន និងសង្គមជាតិ។
សម្ដេច ទៀ បាញ់ ក៏បានអរគុណចំពោះ លោក លោកស្រី ឥស្សរជន ក្រសួងស្ថាប័ន រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ លើគ្រប់វិស័យដើម្បីភាពរីកចម្រើន កងរាជអាវុធហត្ថនៃកងយោធពលខេរភូមិន្ទ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង ស្ថាប័ន វិស័យឯកជន សប្បុរសជនទាំងអស់ ដែលបានគាំទ្រឧបត្ថម្ភសព្វបែបយ៉ាង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាំងពីមុនរហូតមកដល់បច្ចុប្បន្ន ដែលជាការបង្ហាញពីការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហការណ៍ ក្នុងការជំរុញលើកកម្ពសសមត្ថភាព និងប្រសិទ្ធិភាពការងាររបស់កងរាជអាវុធហត្ថ ក្នុងបុព្វហេតុការពារសុខសន្តិភាព សន្តិសុខ ស្ថិរភាព និងវឌ្ឍនភាពសង្គម៕