(រតនគិរី)៖ ដោយបានការឧបត្ថម្ភ និងការគាំទ្រពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្តរតនគិរី ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមប្រកួតជាលក្ខណៈមិត្តភាព ជាមួយក្រុមកីឡាករបាល់ទាត់សាលាដំបូងខេត្តរតនគិរី។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ ថ្លែងប្រាប់ថា ការប្រកួតនារសៀលថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូងខេត្តរតនគិរី។
ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករក្នុងវិស័យយុត្តិធម៌រួមមាន សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងមេធាវីផងដែរ។
គួររំលឹកថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជាជាច្រើនដងរួចហើយផងដែរ៕